ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានសម្តែងការថ្កោលទោស យ៉ាងខ្លាំង ចំពោះដំណើរការ របស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះ “ការរឹបអូសក្រុមហ៊ុន Citgo Petroleum Corporation” ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា “ការរឹបអូសយកក្រុមហ៊ុន Citgo កំពុងត្រូវបានអនុវត្តក្រោមលេស នៃនីតិវិធីតុលាការ សម្រាប់ការលក់ភាគហ៊ុនដោយបង្ខំ រដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា និង PDVSA (Petroleum of Venezuela) ត្រូវបានដកចេញ ពីការលក់របស់តុលាការលើក្រុមហ៊ុន Citgo ហើយត្រូវបានរារាំងពីការការពារ របស់ពួកគេក្នុងសិទ្ធិនៅចំពោះមុខ តុលាការសហរដ្ឋអាមេរិក។
ប្រភពបានបន្ថែមថា “ការលក់ដោយបង្ខំ គឺជាវគ្គថ្មីនៃការឈ្លានពានពហុភាគី ដែលប្រតិបត្តិដោយស្ថាប័ន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្រុមហ៊ុន Citgo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋ PDVSA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានជំនាញក្នុងការចម្រាញ់ប្រេងឆៅ និងការចែកចាយប្រេងឥន្ធនៈនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន ថ្ងៃផុតកំណត់ សម្រាប់ការទទួល បានការដេញថ្លៃ សម្រាប់ការទិញយកក្រុមហ៊ុន នៅសហរដ្ឋអាមេរិកបានបញ្ចប់ ហើយការលក់ត្រូវបានគេរំពឹងថា នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែកក្កដា។
វេណេស៊ុយអេឡាបានសង្កត់ធ្ងន់ថា ខ្លួនមិនទទួលស្គាល់ ហើយនឹងមិនទទួលស្គាល់ ការលក់ដោយបង្ខំរបស់ក្រុមហ៊ុន Citgo ដែលកំពុងត្រូវបានអនុវត្តនៅ ក្នុងការមិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការធានាសេដ្ឋកិច្ច ដំណើរការត្រឹមត្រូវ និងសិទ្ធិការពារជាតិ ដែលធានាដោយប្រទេសស៊ីវិល័យណាមួយ ៕
ប្រែសម្រួល ឈូក បូរ៉ា