បរទេស៖ តុលាការធម្មនុញ្ញថៃបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងពិចារណាលើសំណុំរឿង ក្រមសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១០ ខែកក្កដា ដោយរង់ចាំការទទួលយក យោបល់ពីអ្នកពាក់ព័ន្ធ និងអង្គការនានា។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការថា ខ្លួនបានកំណត់ប្រធានបទដែលអង្គការពាក់ព័ន្ធ និងប្រជាពលរដ្ឋអាចបញ្ចេញមតិ ជាលាយលក្ខណ៍អក្សរ ដែលគួរដាក់ទៅតុលាការក្នុងរយៈពេល ១៥ ថ្ងៃ។ តុលាការបានបន្តថា មតិកែលម្អនេះនឹងផ្តល់ប្រយោជន៍ ដល់ការពិចារណាលើករណីនេះ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជូនមេធាវីការពារក្តីរបស់ខ្លួន ទៅកាន់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី៧ ខែមិថុនា។ ករណីនេះទាក់ទងនឹងការតែងតាំង ដ៏ចម្រូងចម្រាសរបស់អ្នកនយោបាយមួយរូប គឺលោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី។
ញត្តិត្រូវបានដាក់ដោយសមាជិកព្រឹទ្ធសភា ចាំផ្ទះមួយក្រុមដែលបាន ចោទសួរទៅតុលាការថា តើគួរដកលោក សេដ្ឋា ថាវីស៊ីន និងលោក Pichit Chuenban ចេញពីតំណែងតាមមាត្រា ១៧០ (៤) និង (៥) នៃរដ្ឋធម្មនុញ្ញដែលចែងអំពីក្រមសីលធម៌ របស់គណៈរដ្ឋមន្ត្រីឬយ៉ាងណា។ លោក Pichit បានលាលែងពីគណៈរដ្ឋមន្ត្រីកាលពីខែមុន ៕