ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្ស៊ីលោក Putin ធ្វើដំណើរមកដល់ កូរ៉េខាងជើង

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Putin បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង។

ប្រភពដដែលបានសរសេរទៀតថា ប្រធានាធិបតីរុស្ស៊ីបានមកដល់ ប្រទេសនៅល្ងាចថ្ងៃអង្គារ ពោលគឺមុនមួយថ្ងៃដែលកិច្ចពិភាក្សាសំខាន់ នៅក្នុងព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃបន្ទាប់។

លោកត្រូវបានទទួលស្វាគមន៍ នៅអាកាសយានដ្ឋានដោយ គណៈប្រតិភូរបស់មន្ត្រីកូរ៉េខាងជើង ក៏ដូចជាក្រុមការងារមិត្តភាពរវាងប្រជាជាតិទាំងពីរ ខណៈផ្លូវដែលចេញពីអាកាសយានដ្ឋាន ត្រូវបានតម្រង់ជួរដោយទង់ជាតិរុស្ស៊ី និងរូបចម្លាក់របស់លោកPutin ស្ទើរគ្រប់ទីកន្លែង។

គណៈប្រតិភូរុស្ស៊ីរួមមានមន្ត្រីកំពូលៗជាច្រើន រួមមានរដ្ឋមន្ត្រីការបរទេស Sergey Lavrov ឧបនាយករដ្ឋមន្ត្រីទីមួយ លោក Denis Manturov រដ្ឋមន្ត្រីការពារជាតិ Andrey Belousov រដ្ឋមន្ត្រីសុខាភិបាល Mikhail Murashko និងរដ្ឋមន្ត្រីដឹកជញ្ជូន Roman Starovoyt ព្រមទាំងប្រធាន Roscosmos លោក Yuri Borisov និងប្រមុខផ្លូវដែករបស់រុស្សីលោក Oleg Belozyorovផងដែរ ។

គួរឲ្យដឹងដែរថាដំណើរ​ទស្សនកិច្ច​ ចុងក្រោយ​របស់​លោក Putin ទៅកាន់​ប្រទេស​កូរ៉េខាងជើង គឺ​ក្នុង​ឆ្នាំ២០០០ នៅពេលដែល​លោក​បាន​ជួប​ជាមួយ​លោក គីម ជុងអ៊ីល ដែលជា​ឪពុក​របស់​មេដឹកនាំ​បច្ចុប្បន្ន។ លោក គីមជុងអ៊ុនមេដឹកនាំបច្ចុប្បន្ន បានធ្វើដំណើរទៅកាន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ដោយដំណើរទស្សនកិច្ចនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ៕

ប្រែសម្រួល៖ ស៊ុន លី

To Top