ព័ត៌មានអន្តរជាតិ

បារាំង ចាប់ផ្តើមកាត់បន្ថយវត្តមានយោធា នៅក្នុងប្រទេសអាហ្វ្រិក

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ចេញពីកាសែត AFP បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងមានបំណងកាត់បន្ថយ ចំនួនកងកម្លាំងរបស់ខ្លួនដែលឈរជើង នៅអាហ្រ្វិកខាងលិច និងកណ្តាលមកនៅត្រឹមប្រហែល ៦០០នាក់ប៉ុណ្ណោះ។

ការសម្រេចចិត្តនេះធ្វើឡើង ក្រោមអនុលោមតាមគោលនយោបាយ របស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការកំណត់វត្តមានយោធា របស់ប្រទេសនៅលើទ្វីបនេះ។

យោងតាមគេហទំព័រដែល ដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលពីររូប និងប្រភពយោធាមួយ ដែលពួកគេទាំងអស់បានស្នើសុំមិនបញ្ចេញឈ្មោះ ទីក្រុងប៉ារីសនឹងរក្សាបានតែទាហានប្រហែល ១០០នាក់ប៉ុណ្ណោះ នៅក្នុងរដ្ឋហ្គាបុងនៃអាហ្វ្រិកកណ្តាល ធ្លាក់ចុះពី ៣៥០នាក់ នាពេលបច្ចុប្បន្ននៅទីនោះ និងប្រហែល៣០០ នាក់នៅឆាដពី ១០០០នាក់កាលពីមុន។

ដោយឡែកនៅប្រទេសកូតឌីវ័រ និងសេណេហ្គាល់ ដែលមានកម្លាំងចំនួន ៦០០ និង ៣៥០ រៀងគ្នា ទីក្រុងប៉ារីស តាមសេចក្តីរាយការណ៍ គ្រោងនឹងកាត់បន្ថយទាហានប្រហែល ១០០ នាក់ នៅក្នុងប្រទេសនីមួយៗនៃអាហ្វ្រិកខាងលិចទាំងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top