ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមកដល់ប្រទេសវៀតណាម នៅថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ

Xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមកដល់ទីក្រុងហាណូយ ប្រទេស នៅថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកទីប្រាំ របស់លោកពូទីនទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០១មក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា លោកពូទីន នឹងទៅបំពេញ ទស្សនកិច្ចនៅវៀតណាម ក្នុងនាមជាប្រធានគណៈប្រតិភូ នៃថ្នាក់ដឹកនាំតំបន់ និងសហព័ន្ធរុស្ស៊ី ព្រមទាំងអង្គភាពអាជីវកម្មធំៗ របស់រុស្ស៊ីផងដែរ។

លោក ពូទីន គ្រោងនឹងចូលរួមកិច្ចសន្ទនា និងកិច្ចប្រជុំជាមួយមេដឹក នាំវៀតណាម ព្រមទាំងចូលរួមព្រឹត្តិការណ៍មួយ ជាមួយនិស្សិតបញ្ចប់ការសិក្សា មកពីសាកលវិទ្យាល័យរុស្ស៊ី និងសហភាពសូវៀត ។

លោក Bezdetko បាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំនៃភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមមួយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យអប់រំ យុត្តិធម៌ នីតិវិធីគយ សុខភាព និងថាមពល។

វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ី បន្ទាប់មកសហភាពសូវៀតក្នុងឆ្នាំ ១៩៥០។ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១២។ ប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top