បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានកំណត់ ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយ ការពារកោះតៃវ៉ាន់ ដែលទាមទារដោយចិនក្នុងការការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ រហូតនាំឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងជាបន្តបន្ទាប់ ។
ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការប្រកួតសង្រ្គាមជុំវិញកោះ កាលពីខែមុនបន្ទាប់ពីការឡើង កាន់តំណែងរបស់លោក Lai Ching-te ជាប្រធានាធិបតីថ្មីរបស់កោះនេះ។
ទីភ្នាក់ងារ Pentagon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃអង្គារនៅសហរដ្ឋអាមេរិកថា ការលក់នេះ “នឹងជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់” ។
ទីភ្នាក់ងារនេះបានបន្ថែមថា ការលក់នេះរួមមាន អាវុធប្រឆាំងមនុស្ស និងគ្រឿងសឹក Switchblade 300 និងឧបករណ៍ពាក់ព័ន្ធ ក្នុងតម្លៃប៉ាន់ស្មាន ៦០,២ លានដុល្លារ និងយន្តហោះគ្មានមនុស្សបើក ALTIUS 600M-V និងឧបករណ៍ពាក់ព័ន្ធសម្រាប់តម្លៃប៉ាន់ស្មាន ៣០០ លានដុល្លារ។
ក្រសួងការពារជាតិកោះតៃវ៉ាន់បានសម្តែង ការអរគុណ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការលក់ អាវុធដល់កោះនេះ។ យ៉ាងណាក៏ដោយ កោះតៃវ៉ាន់បានត្អូញត្អែរម្តង ហើយម្តងទៀតអំពីការពន្យារពេលបញ្ជូន សព្វាវុធផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា