ព័ត៌មានអន្តរជាតិ

Update៖ ករណីលិចទូក២គ្រឿង នៅឆ្នេរសមុទ្រអ៊ីតាលី ស្លាប់តិចបំផុត១១នាក់ ខណៈ៦៦នាក់កំពុងបាត់ខ្លួន

AFP

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដោយឆ្មាំឆ្នេរ សមុទ្រអ៊ីតាលី កំពុងបន្តនៅសមុទ្រ មេឌីទែរ៉ាណេគិតត្រឹមរាត្រីថ្ងៃចន្ទ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកប៉ាល់ដឹកជន ចំណាកស្រុក២គ្រឿងបានជួបប្រទះបញ្ហានៅជិតឆ្នេរសមុទ្រអ៊ីតាលី ។

កប៉ាល់ពាណិជ្ជករនៅតំបន់នោះ បានធ្វើការជួយសង្គ្រោះដំបូង ក្រោយពីបានបើកការហៅ SOS ខណៈដែលកប៉ាល់នោះ បានរកឃើញទូកក្ដោងឈើ ដែលកំពុងជួបទុក្ខព្រួយ ស្ថិតនៅចម្ងាយប្រហែល១២០ម៉ាយ ស្មើនឹងប្រមាណ១៩៣ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Calabria ភាគខាងត្បូង នៃប្រទេសអ៊ីតាលី ។

កប៉ាល់ពាណិជ្ជកម្មនោះបានជួយសង្គ្រោះមនុស្សបាន១២នាក់ និងជួយពួកគេរហូតដល់នាវាឆ្មាំសមុទ្រអ៊ីតាលីមកដល់ ។ យោងតាមឆ្មាំសមុទ្របានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីការចុះពីនាវា ដោយសារស្ថានភាពសុខភាពធ្ងន់ធ្ងរ ។

ឆ្មាំសមុទ្របានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្វែងរកអ្នកនៅរស់រានមានជីវិតពីការលិចទូកក្ដោងនៅតែបន្ត” ។

ឆ្មាំសមុទ្របានបញ្ជាក់ ឲ្យដឹងថា ទូកល្បាតអ៊ីតាលី ចំនួន២គ្រឿង និងយន្តហោះ ATR42 បច្ចុប្បន្នកំពុងជាប់ពាក់ ព័ន្ធក្នុងការស្វែងរក ហើយកប៉ាល់ល្បាតមួយទៀត ជាមួយក្រុម គ្រូពេទ្យនៅលើនោះ នឹងចូលរួមជាមួយពួកគេ នៅក្នុងតំបន់ឆាប់ៗនេះ ។ គិតត្រឹមល្ងាចថ្ងៃចន្ទ គេរកមិនឃើញ អ្នកនៅរស់ទៀតនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top