បរទេស៖ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានសន្យាជួយគ្នាទៅវិញទៅមក ប្រឆាំងនឹងការឈ្លានពានពីបរទេស នេះបើតាមការប្រកាស របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីន និងសមភាគីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដែលនឹងធ្វើជាផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតលើគ្រប់វិស័យ ចាប់ពីទំនាក់ទំនងវប្បធម៌ និងទេសចរណ៍ រហូតដល់ពាណិជ្ជកម្ម ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ។
លោកប្រធានាធិបតីពូទីន បានបន្ថែមថា “ឯកសារស្តីពីភាពជាដៃគូដ៏ទូលំទូលាយ ដែលយើងបានចុះហត្ថលេខា នៅថ្ងៃនេះផ្តល់នូវជំនួយទៅវិញទៅមក ក្នុងករណីមានការឈ្លានពាន ប្រឆាំងនឹងអ្នកចូលរួមម្នាក់” ។
លោកពូទីនបាននិយាយថា ទីក្រុងមូស្គូគាំទ្រដល់ចេតនា របស់ទីក្រុងព្យុងយ៉ាងក្នុងការការពារសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួនពី ការឈ្លានពានរបស់លោកខាងលិច ដែលជាសិទ្ធិរបស់ខ្លួន។ លោកបានបន្ថែមថា ប្រទេសនេះចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាអ្នកទទួលខុសត្រូវ ចំពោះការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់។
លោកថា “ការឃោសនារបស់លោកខាងលិច ដែលប្រើហួសហេតុ មិនអាចលាក់បាំងចេតនាភូមិសាស្ត្រ នយោបាយដ៏ឈ្លានពានរបស់ពួកគេបានទៀតទេ រួមទាំងនៅអាស៊ីភាគពាយ័ព្យផងដែរ” ៕
ប្រែសម្រួលៈ ណៃ តុលា