ហ្សឺណែវ៖ អ្នកជំនាញអង្គការ សហប្រជាជាតិ ជាង ៣០នាក់ បានអំពាវនាវឱ្យរដ្ឋ និងក្រុមហ៊ុននានា បញ្ឈប់ការផ្ទេរអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេស អ៊ីស្រាអែល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកជំនាញបានឲ្យដឹងថា ការផ្ទេរបែបនេះអាចជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងហានិភ័យ នៃភាពស្មុគស្មាញរបស់រដ្ឋ នៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាចរាប់បញ្ចូល ទាំងអំពើប្រល័យពូជសាសន៍ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេស និងក្រុមហ៊ុនផលិតសព្វាវុធ បញ្ឈប់ការលក់ ផ្ទេរ និង ការបង្វែរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាពួកគេត្រូវបានធ្វើឡើងក្រោម អាជ្ញាប័ណ្ណនាំចេញ ដែលមានស្រាប់ក៏ដោយ។
ក្រុមហ៊ុនទាំងនេះរួមមាន BAE Systems, Boeing, Caterpillar, General Dynamics និង Lockheed Martin នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកជំនាញបានបន្ដថា “ក្រុមហ៊ុនទាំងនេះតាមរយៈការបញ្ជូនសព្វាវុធ គ្រឿងបន្លាស់ សមាសធាតុ និងគ្រាប់រំសេវទៅឱ្យកងកម្លាំងអ៊ីស្រាអែល ប្រថុយនឹងការជាប់ពាក់ព័ន្ធ ក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា