ហាណូយ/ម៉ូស្គូ៖ទីភ្នាក់ងារសារព័ត៌មានរបស់វៀតណាម បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យទាំងអស់ ។
គួរបញ្ជាក់ថា ការថ្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង ប្រធានាធិបតីវៀតណាម To Lam និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសវៀតណាម ។
មេដឹកនាំទាំង២ ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ជាច្រើនលើវិស័យដូចជាការអប់រំ និងយុត្តិធម៌ ដោយសន្យាពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។
លោក ពូទីន បានថ្លែងថា រុស្ស៊ីផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងវៀតណាម ជាប្រពៃណី ដោយបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំង២គឺផ្អែកលើសមភាព ការគោរពគ្នាទៅវិញទៅមក និង “បន្តអភិវឌ្ឍជាលំដាប់” ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោក ពូទីន បានលើកឡើងថា ក្រុងម៉ូស្គូ នឹងមានបំណងពង្រឹងទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ទោះបីជាមានការលំបាកនាពេលថ្មីៗនេះក្តី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា