ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺអាសន្នរោគ នៅក្នុងប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់មនុស្សចំនួន ២១នាក់

AFP

អាប៊ូចា៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការផ្ទុះឡើង នៃជំងឺអាសន្នរោគនៅក្នុងរដ្ឋ Lagos ដែលស្ថិតនៅភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ។

លោកស្រី Kemi Ogunyemi ទីប្រឹក្សាពិសេសស្តីពីសុខភាពរបស់ រដ្ឋាភិបាលរដ្ឋបានប្រាប់ដល់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មានចំនួន ៤០១ករណី ត្រូវបានរាយការណ៍នៅក្នុងខែនេះ ដោយសារតែការផ្ទុះឡើងនៅក្នុង មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយបានអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង គ្រោះមហន្តរាយមួយនេះ ។

លោកស្រី Ogunyemi បានសន្មតថា ការកើនឡើងនៃចំនួនករណីសង្ស័យ និងអ្នកស្លាប់ដោយសារការជួបជុំប្រារព្ធពិធីបុណ្យ Eid-el Kabir ដែលធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋខាងលើ ដោយបានបញ្ជាក់ថា “ការកើនឡើងនៃករណីត្រូវបានរំពឹងទុកថា នឹងបន្តកើនឡើងថែមទៀត” ។

រដ្ឋាភិបាលទីក្រុង Lagos បានបន្ត “ធ្វើការប្រមូលសំណាកចេញពីប្រភពទឹក អាហារ និងភេសជ្ជៈ ដើម្បីកំណត់អត្តសញ្ញាណប្រភពនៃការចម្លងរោគ” ដោយលោកស្រីលើកឡើងទៀតថា សកម្មភាពឃ្លាំមើលនៅក្នុង សហគមន៍មូលដ្ឋានត្រូវបានពង្រឹង ជាពិសេសនៅក្នុងតំបន់រដ្ឋាភិបាល ក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ។

ជំងឺអាសន្នរោគ គឺជាជំងឺដែលមានមេរោគកាចសាហាវ ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត ដោយការចាប់ផ្តើមភ្លាមៗ នៃជំងឺរាគរូសជាលក្ខណៈស្រួចស្រាវ ដែលអាចបណ្តាលឲ្យស្លាប់ ដោយការខ្សោះជាតិទឹកធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top