បរទេស៖ ចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល នៅមានជីវិត និងត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា អាចមានកម្រិតទាបត្រឹមចំនួន ៥០នាក់ប៉ុណ្ណោះ ។ នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីនបានចាប់មនុស្ស ២៥១ នាក់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ភាគខាងត្បូងដែលក្នុងនោះមនុស្សជាង ១.១០០ នាក់ត្រូវបានសម្លាប់ ដែលបង្កឱ្យមានការវាយលុក ដ៏បង្ហូរឈាមរយៈពេលប្រាំបួនខែដោយរដ្ឋជ្វីហ្វ។
កងទ័ពអ៊ីស្រាអែលបានដោះលែងអ្នកជាប់ឃុំឃាំងបួននាក់នៅដើមខែនេះ ដោយនាំឱ្យចំនួនសរុបនៃអ្នកដែលត្រូវបានដោះលែង ឬត្រូវបានជួយសង្គ្រោះឡើងដល់ ១១៦ នាក់។ សាកសពចំណាប់ខ្មាំង ១៩ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ។
កាសែត Wall Street Journal បានរាយការណ៍ថា មនុស្ស ១១៦ នាក់ផ្សេងទៀត កំពុងត្រូវបានឃុំខ្លួននៅហ្គាហ្សា ប៉ុន្តែមនុស្សជាច្រើននាក់ ឥឡូវនេះត្រូវបានគេជឿថា បានស្លាប់ ។ ការផ្សាយនេះ បានដកស្រង់សំដីអ្នកសម្រុះសម្រួល ក្នុងកិច្ចពិភាក្សាចំណាប់ខ្មាំង និងមន្ត្រីអាមេរិក ដែលធ្លាប់ដឹងពីការស៊ើបការណ៍ សម្ងាត់ចុងក្រោយបង្អស់ ដោយនិយាយថា ចំនួនចំណាប់ខ្មាំងទាំងនោះដែលនៅរស់ អាចនៅត្រឹម ៥០នាក់ប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា