ព័ត៌មានអន្តរជាតិ

ចិន បាញ់​បង្ហោះ​ផ្កាយរណប ​តារាសាស្ត្រ​ថ្មី ​ដែល​បង្កើត​ឡើង ​ដោយ​សហការ​ជាមួយ​បារាំង

Xinhua

ស៊ីឆាង៖ ​​ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបតារាសាស្ត្រ ដែលជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងជិត ២០ ឆ្នាំរវាងអ្នកវិទ្យាសាស្ត្រចិន និងបារាំង ដើម្បីចាប់យកកាំរស្មីហ្គាម៉ា ដែលឆាបឆេះដូចកាំជ្រួច នៅចម្ងាយឆ្ងាយបំផុត នៃចក្រវាឡ។

ផ្កាយរណបនេះ ជាប្រភេទ Multi-band Variable Object Monitor (SVOM) ដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតត្រកូល Long March-2C ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីឆាង ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នេះបើយោងតាមរដ្ឋបាលអវកាសជាតិចិន។

លោក Wei Jianyan ដែលជាអ្នកស៊ើបអង្កេត និង ធ្វើការសំខាន់របស់ SVOM របស់ចិនបានឲ្យដឹងថា “យើងកំពុងទន្ទឹងរង់ចាំការ រកឃើញសំខាន់ៗមួយចំនួន ដូចជាការផ្ទុះកាំរស្មីហ្គាម៉ាដំបូងបំផុត ដែលបានកើតឡើងនៅពេល ដែលចក្រវាឡនៅក្មេងនៅឡើយ ដែលនឹងជួយយើងសិក្សាការវិវត្តនៃលោហធាតុ” នៅឯមជ្ឈមណ្ឌលសង្កេតតារាសាស្ត្រជាតិ របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

ការផ្ទុះកាំរស្មីហ្គាម៉ា ជាធម្មតា មានរយៈពេលខ្លីបំផុត គឺជាបាតុភូតផ្ទុះដ៏ឃោរឃៅបំផុតនៅក្នុងសកលលោកបន្ទាប់ពី Big Bang ហើយពួកវាកើតឡើងក្នុងអំឡុង ពេលដួលរលំនៃផ្កាយដ៏ធំ ឬការរួមបញ្ចូលគ្នានៃផ្កាយបង្រួមគោលពីរ។

លោក Wei បានលើកឡើងថា ការសង្កេត និងស្រាវជ្រាវ ស៊ីជម្រៅលើការផ្ទុះកាំរស្មីហ្គាម៉ា នឹងជួយយើងឱ្យយល់អំពីសំណួរ ជាមូលដ្ឋានមួយចំនួន របស់វិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

គោលបំណងវិទ្យាសាស្ត្រសំខាន់ៗរបស់ SVOM រួមមានការស្វែងរក និងកំណត់ទីតាំងយ៉ាងលឿននៃការបញ្ចេញកាំរស្មីហ្គាម៉ា វាស់ និងសិក្សាយ៉ាងទូលំទូលាយ អំពីលក្ខណៈសម្បត្តិវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច នៃការផ្ទុះទាំងនេះ សិក្សាថាមពលងងឹត និងការវិវត្ត នៃសកលលោកតាមរយៈការផ្ទុះទាំងនេះ និងការសង្កេតមើលសញ្ញាអេឡិចត្រូម៉ាញ៉េទិច ដែលទាក់ទងនឹងរលកទំនាញផែនដី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top