បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានព្រមានថា រុស្ស៊ីអាចឆ្លង “បន្ទាត់ក្រហម” ដោយការផ្តល់អាវុធជាក់លាក់ដល់កូរ៉េខាងជើង ដែលនេះវាអាចលុបបំបាត់ហេតុផល សម្រាប់ការសម្រេចចិត្តរបស់ ទីក្រុងសេអ៊ូលក្នុងការបដិសេធមិនផ្តល់ ជំនួយយោធាធុនធ្ងន់ដល់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង លោក ចាង ហូ ជីន បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KBS របស់កូរ៉េខាងត្បូងថា “ខ្ញុំចង់បញ្ជាក់ថា វាទាំងអស់គឺអាស្រ័យលើអ្វីដែលរុស្ស៊ីនឹងធ្វើ” ។ តើនឹងមានខ្សែបែបបទណាមួយ នៅសេសសល់សម្រាប់យើង ប្រសិនបើរុស្ស៊ីផ្តល់អាវុធ ច្បាស់លាស់ដល់កូរ៉េខាងជើង?
ការអត្ថាធិប្បាយចុងក្រោយរបស់លោក ចាង ហូជីន បានកើតឡើង៣ថ្ងៃបន្ទាប់ពីលោក បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចពិចារណាឡើងវិញ ចំពោះបម្រាមដែលកូរ៉េខាងត្បូងបានដាក់ លើការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ លោកបាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង ដោយលោក ចាង បាននិយាយថា “កិច្ចសហប្រតិបត្តិការណាមួយដែលជួយបង្កើន អំណាចយោធារបស់កូរ៉េខាងជើង វាគឺជាការរំលោភលើក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ” ។
ទីប្រឹក្សាសន្តិសុខបង្ហាញភាពជាក់លាក់បន្ថែមទៀត នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យដោយនិយាយថា ការផ្តល់ “អាវុធដែលមានភាពជាក់លាក់ខ្ពស់” ដល់កូរ៉េខាងជើង គឺនឹងផ្លាស់ប្តូរទំនាក់ទំនងរបស់ ទីក្រុងសេអ៊ូលជាមួយទីក្រុងម៉ូស្គូ។ លោក ចាង បាននិយាយថា “សកម្មភាពនាពេលថ្មីៗនេះរបស់រុស្ស៊ី គឺបាននិងកំពុងខិតជិតបន្ទាត់ក្រហមជាបណ្តើរៗ ដែលជាមូលហេតុដែល យើងបានចេញការព្រមាន”។ លោកបានបន្ថែមថា “សមាសភាពនៃការគាំទ្រអាវុធ របស់យើងសម្រាប់អ៊ុយក្រែនអាចផ្លាស់ប្តូរ អាស្រ័យលើរបៀបដែលរុស្ស៊ី ឆ្លើយតបនាពេលអនាគត” ។
ថ្វីបើជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិកក៏ដោយ ក៏កូរ៉េខាងត្បូងបានព្យាយាមបញ្ចៀស ការកើនឡើងនូវភាពតានតឹងជាមួយរុស្ស៊ី ដោយបញ្ជូនតែជំនួយដែល មិនបង្កគ្រោះថ្នាក់ទៅឱ្យអ៊ុយក្រែន ចាប់តាំងពីជម្លោះបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោក ចាង បាននិយាយថា ការគ្រប់គ្រងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងរុស្ស៊ីតម្រូវឱ្យមាន “កិច្ចខិតខំប្រឹងប្រែងដែលត្រូវគ្នា” នៅលើ ខាងមូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា