ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៤ មិថុនា នេះបានអនុញ្ញាតឲ្យលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈភាគីទាំងពីរ បន្តដុសខាត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគឲ្យកាន់តែភ្លឺថ្លា។
មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ លោកភារធារី Andrew Herrup បានបញ្ជាក់អំពីការតាំងចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នា និងគ្នាផងដែរ។
បន្ថែមពីនេះ លោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នា ដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឲ្យកាន់តែ មានភាពទាក់ទាញសម្រាប់វិនិយោគិនទៀត ពីសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនេះ លោក Andrew Herrup ក៏បានសម្តែងចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សហភាពអឺរ៉ុប ក្នុងគោលដៅទាក់ទាញការ វិនិយោគថែមទៀតផងដែរ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ ចំពោះចំណាប់អារម្មណ៍ជាវិជ្ជមាននេះ ហើយឆ្លៀតប្រាប់ត្រួសៗអំពីលទ្ធផល ប្រកបដោយផ្លែផ្កាពីបេសកកម្មគោះទ្វារ វិនិយោគនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី៩-១៨ មិថុនា។ ដកស្រង់ពីបទពិសោធន៍និងលទ្ធផល នៃដំណើរទស្សកិច្ចទៅសហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី បានលើកពីលទ្ធភាពនៃការធ្វើការរួមគ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួល រៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគ នៅសហរដ្ឋអាមេរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុន ដែលមានបំណងពង្រីកខ្សែច្រវាក់ ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនអាមេរិក។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង បញ្ជ្រាបការឈ្វេងយល់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនទៅលោក Andrew Herrup ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់ របស់វិនិយោគិនអាមេរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់ កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឲ្យកម្ពុជាមានលទ្ធភាព សម្របសម្រួលដោះស្រាយបញ្ហានានា របស់វិនិយោគិនអាមេរិកបានកាន់តែឆាប់រហ័ស ៕