តូក្យូ៖ មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន ត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការសមស្របប្រឆាំងនឹងការផ្លាស់ប្តូរប្រាក់យ៉េននៅ “គ្រប់ពេលវេលា” ខណៈដែលរូបិយប័ណ្ណបានខិតជិតបន្ទាត់ ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលជាកម្រិតមួយ ដែលអាជ្ញាធរបានធ្វើអន្តរាគមន៍ពីមុន ដើម្បីពន្យឺតការធ្លាក់ចុះនៃប្រាក់យ៉េន។
លោក Masato Kanda ដែលជាអ្នកការទូតរូបិយបណ្ណកំពូលរបស់ប្រទេស បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃប្រាក់យ៉េនលើសេដ្ឋកិច្ច នៅពេលដែលទីផ្សារមានការប្រុងប្រយ័ត្នថា ប្រតិបត្តិការលក់ប្រាក់ដុល្លារជុំមួយទៀតអាចកើតមានឡើង។
ធនាគារកណ្តាលជប៉ុន ក៏កំពុងរក្សាតារាងអំពីរបៀបដែលភាពទន់ខ្សោយរបស់ប្រាក់យ៉េនថ្មីៗនេះប៉ះពាល់ដល់អតិផរណា។ សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនបាននិយាយអំពីតម្រូវការ សម្រាប់ធនាគារកណ្តាល ដើម្បីពិចារណាការដំឡើងអត្រាការប្រាក់ចំពេលមានលទ្ធភាពនៃការបង្កើនល្បឿននៃអតិផរណា នេះបើយោងតាមសេចក្តីសង្ខេបនៃមតិ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំណត់គោលនយោបាយរបស់ខ្លួនកាលពីថ្ងៃទី១៣-១៤ ខែមិថុនា។
លោក Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកកិច្ចការអន្តរជាតិបានប្រាប់អ្នកយកព័ត៌មានថា “ការប្រែប្រួលហួសហេតុប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របគ្រប់ពេលវេលា” ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានដាក់ប្រទេសជប៉ុនឡើងវិញនៅក្នុងបញ្ជីតាមដានការក្លែងបន្លំរូបិយប័ណ្ណរបស់ខ្លួន ទោះបីជាមន្ត្រីជប៉ុនបានឲ្យដឹងថា ការកំណត់នេះមិនមានន័យថាទីក្រុងវ៉ាស៊ីនតោនមានបញ្ហាជាមួយនឹងគោលនយោបាយប្តូរប្រាក់របស់តូក្យូក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា