តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សភាអ៊ីរ៉ង់ បានដាក់ចេញនូវសំណើមួយ ដែលតម្រូវឱ្យរដ្ឋបាលរបស់ប្រទេសនេះ ចាត់តាំង កងទ័ពកាណាដា ជាអង្គភាព “ភេរវករ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
របាយការណ៍បានឲ្យដឹងថា សំណើដែលត្រូវបានស្នើឡើងនៅក្នុងសម័យប្រជុំសភាក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងចំណាត់ ការរបស់រដ្ឋាភិបាលកាណាដា កាលពីថ្ងៃពុធ ដែលបានប្រកាសអង្គភាព ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាអង្គការ “ភេរវករ” ។
យោងតាមសំណើនេះ រដ្ឋបាលអ៊ីរ៉ង់ នឹងមានកាតព្វកិច្ចក្នុងការចុះបញ្ជីជាអង្គភាព “ភេរវករ” របស់កងទ័ពកាណាដា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខ ដែលមានទំនាក់ទំនងជាមួយ រដ្ឋាភិបាលកាណាដា ។
IRNA បានបន្ថែមថា ក្នុងអំឡុងសម័យប្រជុំ សមាជិក សភាអ៊ីរ៉ង់ចំនួន ២៥០ នាក់បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះទង្វើអរិភាព របស់រដ្ឋាភិបាលកាណាដា ក្នុងការចុះក្នុងបញ្ជីខ្មៅ IRGC ។
សមាជិកសភាអ៊ីរ៉ង់ បានសម្តែងការគាំទ្រ ទាំងស្រុងរបស់ពួកគេចំពោះ IRGC បានពណ៌នាចំណាត់ការ របស់រដ្ឋាភិបាលកាណាដាថា “មិនសមហេតុផល និង ផ្ទុយទៅនឹងច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិទាំងអស់” ហើយបានអំពាវនាវ ឱ្យក្រសួងការបរទេសអ៊ីរ៉ង់ ប្រើមធ្យោបាយនយោបាយ និងអន្តរជាតិ ដែលមានទាំងអស់ ដើម្បីថ្កោលទោស ចលនារបស់កាណាដា ៕
ប្រែសម្រួល ឈូក បូរ៉ា