យេរ៉ូសាឡឹម៖ អគ្គសេនាធិការអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹង កងកម្លាំងអ៊ីស្រាអែល ជិតដល់ការរុះរើកងវរសេនាតូចរបស់ក្រុមហាម៉ាស់ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
លោកបានឲ្យដឹងថា កងពលលេខ ១៦២ របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ឥឡូវនេះគ្រប់គ្រង “ច្រករបៀងហ្វីឡា ឌែលលហ្វី” ដែលជាឈ្មោះកូដរបស់យោធា សម្រាប់ដែនដីប្រវែង ១៤ គីឡូម៉ែត្រតាមបណ្តោយព្រំដែនតែមួយគត់របស់តំបន់ហ្គាហ្សាជាមួយអេហ្ស៊ីប។ លោក Halevi បានលើកឡើងថា “វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់របស់ក្រុមហាម៉ាស់ សម្រាប់ការរត់ពន្ធនាពេលអនាគត” ។
លោក Halevi បានលើកឡើងថា នៅពេលនេះ កងទ័ពកំពុងប្រតិបត្តិការរុះរើផ្លូវរូងក្រោមដី និងរចនាសម្ព័ន្ធនានា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Halevi បានអះអាងថា “យើងកំពុងខិតជិតដល់ចំណុច ដែលយើងអាចនិយាយបានយ៉ាងច្បាស់ថា យើងបានរុះរើកងពលតូចហាម៉ាស់នៅទីក្រុងរ៉ាហ្វា” ដោយកត់សម្គាល់ថា កងពលតូចហាម៉ាស់នៅទីក្រុងរ៉ាហ្វា “បានទទួលរងនូវការខូចខាតជាច្រើន”។ កងកម្លាំងហាម៉ាស់មួយចំនួនទំនងជានៅតែស្ថិតនៅក្នុងតំបន់នេះ បើទោះបីជាប្រតិបត្តិការនេះត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែពួកគេ “មិនអាចបំពេញមុខងារជាអង្គភាពប្រយុទ្ធបានទៀតនោះទេ”។
នៅថ្ងៃចន្ទម្សិលមិញនេះ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏កម្រចំនួនពីរត្រូវបានបាញ់ចេញពីភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Ashkelon និងមួយទៀតនៅឯសហគមន៍ Mefalsim ក្បែរតំបន់ហ្គាហ្សា ប៉ុន្ដែគ្រាប់រ៉ុក្កែតទាំងពីរត្រូវបានស្ទាក់ចាប់៕ ប្រែសម្រួល ឈូក បូរ៉ា