ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បញ្ជាក់ថា អ៊ីស្រាអ៊ែល ប្តេជ្ញាចំពោះ សំណើឲ្យមានបទឈប់ បាញ់គ្នារបស់ប្រធានាធិបតី អាមេរិក នៅតំបន់ហ្គាហ្សា

AFP

យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល “ប្តេជ្ញាចិត្ត” ចំពោះសំណើកិច្ចព្រមព្រៀង ដែលបានលើកឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ។

លោក Netanyahu បានថ្លែងដូច្នេះនៅក្នុងអំឡុងសម័យប្រជុំពេញ អង្គពិសេសរបស់សភា Knesset ដែលត្រូវបានកោះហៅ ដោយក្រុមប្រឆាំងថា “យើងប្តេជ្ញាចំពោះសំណើរបស់អ៊ីស្រាអ៊ែល ដែលប្រធានាធិបតី ចូ បៃដិន បានយល់ព្រម” ។

លោក បៃដិន បានបង្ហាញជាលើកដំបូងនូវសំណើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅចុងខែឧសភា ដោយសំដៅទៅលើករណីនេះថា ជា “សំណើរបស់អ៊ីស្រាអ៊ែល” ហើយការលើកឡើងរបស់លោក Netanyahu ជាលើកដំបូងដែលភាគីអ៊ីស្រាអ៊ែល បានបញ្ជាក់ថា អ៊ីស្រាអ៊ែលបានអនុម័ត និងគាំទ្រសំណើនេះ ។

លោក Netanyahu បានប្រាប់ដល់កិច្ចប្រជុំសភា Knesset ថា អ៊ីស្រាអ៊ែល នឹងមិនបញ្ចប់ ជម្លោះនេះទេ “រហូតដល់យើងនាំយកចំណាប់ខ្មាំង ទាំងអស់មកវិញ ទាំងអ្នករស់ និងអ្នករងគ្រោះ” ហើយរហូតដល់ក្រុមហាម៉ាស់ត្រូវបាន “កម្ចាត់ចោល” ហើយអ្នកស្រុកនៅភាគខាងត្បូង និងខាងជើងអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព គឺទៅផ្ទះរបស់ពួកគេវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top