បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT ប្រធានាធិបតី Emmanuel Macron បានព្រមានថា ការបោះឆ្នោត នីតិបញ្ញត្តិ នៅប្រទេសបារាំង នាពេលខាងមុខ អាចនាំឱ្យមាន សង្គ្រាមស៊ីវិល ប្រសិនបើគណបក្សនយោបាយ ទាំងឆ្វេងស្តាំ ឬស្តាំជ្រុល ដណ្តើមអំណាចគ្នា ហើយលោកបន្ថែមថាមានតែក្រុមចម្រុះគ្រប់គ្រងកណ្តាល របស់លោកប៉ុណ្ណោះ ដែលអាចការពារ សេណារីយ៉ូបែបនេះបាន។
ថ្លែងកាលពីថ្ងៃចន្ទនៅក្នុង បទសម្ភាសន៍មួយនៅលើpodcast ដែលស្គាល់ឈ្មោះថាជំនាន់ធ្វើវាដោយខ្លួនឯងឬGeneration Do It Yourself លោក Macron បានអះអាងថា ទាំងគណបក្សស្តាំនិយមជ្រុលជាតិ និងគណបក្សឆ្វេងនិយម បាននឹងកំពុងតែអនុវត្តគោលនយោបាយបែកបាក់ ដែលបង្កឱ្យមានភាពតានតឹងដាក់គ្នាខណៈដែលការបោះឆ្នោតជុំទីមួយនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ខណៈជុំទីពីរត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី៧ ខែកក្កដា។
លោក Macron បានចាត់ទុកគណបក្សប្រឆាំងថាជាអ្នកជ្រុលនិយម ហើយបានអះអាងថា វោហាសាស្ត្ររបស់ពួកគេនឹងបង្កជម្លោះកាន់តែខ្លាំងហើយ លោកបានមានប្រសាសន៍បែបនេះថា៖នៅពេលអ្នកធុញទ្រាន់ ហើយជីវិតប្រចាំថ្ងៃលំបាក អ្នកអាចត្រូវបានគេល្បួងឲ្យបោះឆ្នោត សម្រាប់ភាពជ្រុលនិយមដែលមានដំណោះស្រាយលឿនជាងមុនប៉ុន្តែដំណោះស្រាយនឹង មិនដែលបដិសេធអ្នកដទៃឡើយ។
គួរឲ្យដឹងដែរថាប្រធានាធិបតីបារាំង បានរំលាយសភាប្រទេសនេះ ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតភ្លាមៗនៅដើមខែនេះ បន្ទាប់ពីគណបក្ស National Rally បានទម្លាក់ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់គាត់នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប៕
ប្រែសម្រួល៖ស៊ុនលី