ព័ត៌មានអន្តរជាតិ

Update៖ ជនជាតិចិន ប្រហែល១៧នាក់ ស្លាប់នៅក្នុងអំឡុង ពេលមានអគ្គីភ័យ ឆាបឆេះរោងចក្រអាគុយ នៅក្នុងប្រទេស កូរ៉េខាងត្បូង

សេអ៊ូល ៖ មន្ត្រីនាយកដ្ឋានពន្លត់ អគ្គីភ័យកូរ៉េខាងត្បូង បាននិយាយកាលពីរាត្រីថ្ងៃចន្ទថា ជនជាតិចិនប្រហែល១៧នាក់ បានស្លាប់នៅក្នុងពេល មានភ្លើងឆេះ រោងចក្រ អាគុយ Hwaseong កាលពីថ្ងៃមុន ប៉ុន្តែចំនួនពិតប្រាកដ នៅតែត្រូវការបញ្ជាក់ បន្ថែមទៀត ។

មន្ត្រីកូរ៉េខាងត្បូង រួមទាំងអភិបាលរងទី២ខេត្ត Gyeonggi លោក Oh Who-seok អភិបាលក្រុង Hwaseong លោក Jeong Myeong-geun និងមន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានជម្រាបជូនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងត្បូង លោក Xing Haiming អំពីឧបទ្ទវហេតុ និងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅកន្លែងកើតហេតុនេះ ។

មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យមនុស្សចំនួន២២នាក់ ក្នុងនោះចំនួន១៧នាក់ សន្មតថា ជាជនជាតិចិន ។ មនុស្សចំនួន៨នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានជនជាតិចិនម្នាក់រងរបួសស្រាល ហើយអ្នករបួសទាំងអស់ត្រូវបានព្យាបាលហើយ ។ ក្រុមពន្លត់អគ្គីភ័យកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ។

ភាគីកូរ៉េខាងត្បូង បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពដ៏សោកនាដកម្មរបស់ពលរដ្ឋចិន នៅក្នុងឧបទ្ទវហេតុនេះ ហើយនឹងជួយចិនក្នុងការខិតខំប្រឹង ប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះ និងដោះស្រាយផលវិបាកដែលបានកើតឡើង ។

លោក Xing បានជំរុញឱ្យភាគីកូរ៉េខាងត្បូង ស្វែងរកមូលហេតុនៃឧបទ្ទវហេតុនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោះស្រាយឱ្យបានត្រឹមត្រូវតាមក្រោយ និងផ្តល់ជំនួយចាំបាច់ទាំងអស់ សម្រាប់ក្រុមគ្រួសារជនរងគ្រោះចិនទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top