រសៀលថ្ងៃទី២៤ ខែមិថុនា លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិនបានរួមជាមួយលោកស្រី Agata ភរិយាប្រធានាធិបតីប៉ូឡូញ ដែលអមដំណើរលោកប្រធានាធិបតីប៉ូឡូញ Duda អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនទៅទស្សនា សាលមហោស្រពជាតិចិន។
ភរិយានៃប្រមុខរដ្ឋនៃ ប្រទេសទាំងពីរបានអញ្ជើញទស្សនា សំណងនិងបរិក្ខារនៃសាលមហោស្រពជាតិចិន ព្រមទាំងទស្សនាការតាំងពិព័រណ៍ ពិសេសអំពីស្នាដៃសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី Yanjing ៨ប្រភេទនៃក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានថ្លែងថាប្រទេសយើងទាំងពីរចិន និងប៉ូឡូញសុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរអង្វែងនិងវប្បធម៌ដ៏ជ្រាលជ្រៅ។ ប៉ុន្មានឆ្នាំចុងក្រោយនេះការ ផ្លាស់ប្តូររវាងប្រជាជនចិន និងប្រជាជនប៉ូឡូញមានភាព កាន់តែរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំជឿជាក់ថា ស្របនឹងការផ្លាស់ប្តូរខាងវប្បធម៌ និងការរៀនសូត្រពីគ្នារវាងប្រទេសចិននិងប៉ូឡូញ កាន់តែច្រើនឡើងៗនោះការ យល់ដឹងពីគ្នានិងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងកាន់តែស៊ីជម្រៅថែមមួយកម្រិតផងដែរ។
លោកស្រី Peng Liyuan បានអញ្ជើញលោកស្រី Agata ចូលរួមទស្សនាការសម្តែង សិល្បៈដូចជាតន្ត្រីប្រជាប្រិយចិន និងការប្រគំបទចម្រៀងចិន និងប៉ូឡូញដោយព្យាណូជាដើម។
លោកស្រី Agata បានសូមថ្លែងអំណរគុណចំពោះលោកស្រី Peng Liyuan ដែលបានទទួលស្វាគមន៍លោកស្រី យ៉ាងរាក់ទាក់កក់ក្តៅ និងប្រកបដោយមេត្រីភាព លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះការ សម្តែងសិល្បៈដ៏អស្ចារ្យ របស់សិល្បករចិនផងដែរ។ លោកស្រីបានបន្តថា វប្បធម៌ប្រពៃណីចិនមានភាព ទូលំទូលាយនិងជ្រាលជ្រៅ ដែលបានធ្វើឱ្យលោកស្រី មានចំណាប់អារម្មណ៍ ដ៏ល្អប្រសើរនិងជ្រាលជ្រៅ។
លោកស្រីសង្ឃឹមថា ភាគីទាំងពីរប៉ូឡូញនិងចិន នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ក៏ដូចជាបង្រឹងនិងពង្រីកចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ ដោយឥតឈប់ឈរ ៕