បរទេស៖ អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា គ្រឿងស្រវឹងបានសម្លាប់មនុស្ស ជិត៣លាននាក់ ជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ខណៈពេលដែលអត្រាមរណភាព បានធ្លាក់ចុះបន្តិច ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វានៅតែ “ខ្ពស់ដែលមិនអាច ទទួលយកបាន” ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមរបាយការណ៍ ចុងក្រោយរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការ សហប្រជាជាតិស្តីពីគ្រឿងស្រវឹង និងសុខភាព បានឱ្យដឹងថា គ្រឿងស្រវឹងបណ្តាល ឱ្យមនុស្សជិតម្នាក់ក្នុងចំណោមមនុស្សស្លាប់ចំនួន ២០នាក់នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ តាមរយៈការបើកបរក្នុងគ្រឿងស្រវឹង អំពើហិង្សា និងការរំលោភបំពានដែលបណ្ដាលមកពីគ្រឿងស្រវឹង, ជំងឺ និងវិបត្តិជាច្រើនទៀត ។
របាយការណ៍បាននិយាយថា ការស្លាប់ចំនួន ២លាន៦សែននាក់ ត្រូវបានសន្មតថា បណ្តាលមកពីការប្រើប្រាស់ គ្រឿងស្រវឹងក្នុងឆ្នាំ ២០១៩ ដែលជាស្ថិតិចុង ក្រោយបង្អស់ដែលមានចំនួន ៤,៧% នៃការស្លាប់ទាំងអស់នៅទូទាំង ពិភពលោកក្នុងឆ្នាំនោះ។ បើតាមរបាយការណ៍ គឺបានឱ្យដឹងថា ជិតបីភាគបួននៃអ្នកស្លាប់ទាំងនោះ គឺជាបុរស។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “ការប្រើប្រាស់សារធាតុ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពបុគ្គល គឺបានបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្ត និងជាសោកនាដកម្មដែលបណ្តាល ឱ្យមានអ្នកស្លាប់រាប់លាននាក់ ក្នុងមួយឆ្នាំៗ” ។
លោកបានចង្អុលបង្ហាញថា មានការកាត់ បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងគ្រោះថ្នាក់ទាក់ទងគ្នានៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០១០។ លោកបានបន្តទៀតថា “ប៉ុន្តែបន្ទុកសុខភាព និងសង្គមដោយសារការប្រើប្រាស់គ្រឿង ស្រវឹងនៅតែខ្ពស់មិន អាចទទួលយកបាន” ដោយបានបញ្ជាក់ថា មនុស្សវ័យក្មេង ត្រូវបានរងផលប៉ះពាល់មិនសមាមាត្រគ្នា។
WHO បាននិយាយថា សមាមាត្រខ្ពស់បំផុត នៃការស្លាប់ដោយសារគ្រឿង ស្រវឹងក្នុងឆ្នាំ២០១៩ , ១៣ភាគរយ គឺក្នុងចំណោមមនុស្សដែលមានអាយុពី ២០ឆ្នាំ ទៅ៣៩ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា