បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិននឹងបើកទីផ្សារបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ជាពិសេសផ្លែឈើគុណភាពខ្ពស់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាជាមួយលោក Li Qiang កាលពីថ្ងៃចន្ទក្នុងប្រទេសចិន ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំលើកទី១៥ នៃអ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យប្រទេសចិនបើកទីផ្សាររបស់ខ្លួន ចំពោះផលិតផលកសិកម្ម និងវារីវប្បកម្ម រួមទាំងបសុបក្សី គោក្របី និងផ្លែឈើពីប្រទេសវៀតណាម។
ភាគីទាំងពីរក៏គួរតែជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ធនាគារ និងហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងទេសចរណ៍ ជាដើម។
ទាក់ទិននឹងហេដ្ឋារចនាសម្ព័ន្ធ លោក Chinh សង្ឃឹមថា ប្រទេសទាំងពីរនឹងពិនិត្យមើល ការសាងសង់ផ្លូវដែក ដូចជាពី Lao Cai-Hanoi-Hai Phong, Lang Son-Hanoi និងពី Mong Cai-Ha Long-Hai Phong ក្នុងពេលសមស្រប។
លោក Li នាយករដ្ឋមន្រ្តីចិន បាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសក្ដានុពលខ្លាំង ដោយបន្ថែមថា ប្រទេសចិននឹងបើកទីផ្សាររបស់ខ្លួនបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ជាពិសេសផ្លែឈើគុណភាពខ្ពស់។ ចិនក៏នឹងជំរុញការដោះស្រាយ បញ្ហាប្រឈមគោលនយោបាយជាមួយវៀតណាម ដើម្បីពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកបដោយចីរភាព ៕
ប្រែសម្រួលៈ ណៃ តុលា