តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោង យ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុននៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍ឡើយ ខណៈដែលវាទំនងជាបានធ្លាក់ក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់កាំជ្រួច នៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០ព្រឹក ហើយការបាញ់បង្ហោះត្រូវបានគេជឿថា បានបញ្ចប់ដោយការបរាជ័យ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រភពយោធា ដែលមានព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានបាញ់សាកល្បងកាំជ្រួច ដែលមានល្បឿនលឿនជាងសំឡេង។
កាំជ្រួចនេះត្រូវបានប៉ាន់ប្រមាណថា បានហោះបានចម្ងាយជាង ២០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០គីឡូម៉ែត្រ មុនពេលធ្លាក់ចេញពីឆ្នេរសមុទ្រ ភាគខាងកើតនៃឧបទ្វីបកូរ៉េ នេះបើយោងតាមក្រសួងការពារជាតិ របស់ប្រទេសជប៉ុន។
ទីក្រុងតូក្យូបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ជាមួយទីក្រុងព្យុងយ៉ាងជុំវិញការ បាញ់បង្ហោះដោយបំពានលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយថ្កោលទោសការសាកល្បង កាំជ្រួចរបស់កូរ៉េខាងជើងថា ជាការគំរាមកំហែងដល់សន្តិភាព និងសុវត្ថិភាពរបស់សហគមន៍អន្តរជាតិ នេះបើយោងតាមក្រសួងជប៉ុន។
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា បន្ទាប់ពីមានការបាញ់កាំជ្រួច មន្ត្រីជាន់ខ្ពស់ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលទទួលបន្ទុកបញ្ហាកូរ៉េខាងជើង បានថ្កោលទោសសកម្មភាពនេះ ក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
