ព័ត៌មានអន្តរជាតិ

បេសកជន​ចិន ជំរុញ​ប្រទេស​ធំៗ ​ឲ្យ​ជួយ​កាត់បន្ថយ​ភាពតានតឹង សម្រាប់​សន្តិភាព​យូរអង្វែង ​ក្នុង​ប្រទេស​ស៊ីរី

Xinhua

យូអិន៖ តំណាងអចិន្រ្តៃយ៍រង របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិលោក Geng Shuang កាលពីថ្ងៃអង្គារបានជំរុញ ឱ្យប្រទេសសំខាន់ៗ ជួយបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងលើកកម្ពស់សន្តិភាពយូរអង្វែងនៅក្នុងប្រទេសស៊ីរី។

លោក Geng បានប្រាប់សន្និសីទសង្ខេបរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីស៊ីរីថា “ការបន្តការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរី គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដែលប្រទេសចិន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង” ។

លោកបានលើកឡើងថា “ចិនប្រឆាំងនឹងជម្លោះអូសបន្លាយនៅក្នុងតំបន់ហ្គាហ្សា ភាគីពាក់ព័ន្ធត្រូវតែអនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងសកម្មភាពណាមួយ ដែលអាចកើនឡើង ឬពង្រីកភាពតានតឹង ដោយចាំបាច់ត្រូវនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់”។

លោក Geng បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃជម្លោះស៊ីរី ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណើរការ ដែលដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី។

លោកបានស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី Geir Pedersen ដោយផ្អែកលើដំណោះស្រាយ របស់ក្រុមប្រឹក្សាលេខ ២២៥៤ ហើយបានសម្តែងក្តីសង្ឃឹម សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធរដ្ឋអារ៉ាប់ និងបណ្តាប្រទេសក្នុងតំបន់ជាមួយរដ្ឋាភិបាលស៊ីរី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top