ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចបៃតង លំនាំចិន ជាមគ្គុទេសក៍ នៃការអភិវឌ្ឍសកល ប្រកបដោយ គុណភាពខ្ពស់ ក្នុងយុគសម័យថ្មី

គោលការណ៍ សេដ្ឋកិច្ចបៃតង លំនាំចិន ដែលជាការរួមបញ្ចូលគ្នា នៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបាន រំលេចពីលក្ខណៈនិរន្តរភាព ឆ្ពោះទៅរកការលើកកម្ពស់ ជីវភាពរស់ នៅរបស់មនុស្សជាតិ និងកំពុងជំរុញ ការអភិវឌ្ឍ ឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿន អភិវឌ្ឍប្រកប ដោយចីរភាព សម្រាប់ឆ្នាំ២០៣០ ដែលជាទិសដៅដាក់ចេញ ដោយអង្គការសហប្រជាជាតិ ។ លទ្ធផលនៃសេដ្ឋកិច្ចបៃតងនេះ ទើបកំណើន GDP ឆ្នាំ២០២៣ របស់ប្រទេសចិន ដោយរួមមាន ឧស្សាហកម្ម ថាមពលស្អាត បានរួមចំណែក៤០% ហើយសេដ្ឋកិច្ចបៃតង បានរួមចំណែក ១១,៤ ទ្រីលានយាន់ប្រាក់ចិន ដែលជាកំណត់ត្រា ខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង ៣០%បើធៀបនឹងឆ្នាំមុន ហើយបើគិតលើជ្រុងមួយ នៃការលក់រថយន្តអគ្គសនី នោះក្រុមហ៊ុនចិនBYD បានប្រកាស ពីការលក់រថយន្ត អគ្គិសនីជាង៥២៦,០០០គ្រឿង នៅត្រីមាសទី៤នៃឆ្នាំ២០២៣។

ខឿនសេដ្ឋកិច្ចបៃតង របស់ប្រទេសចិន ធនធានបរិស្ថានគឺ ជាកត្តាសំខាន់ដែលសម្រេច ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើង នូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថិរភាពនិងរុងរឿង ជាយូរអង្វែងនៃ ធនធានធម្មជាតិ។ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពបានក្លាយជាតួនាទី ដ៏សំខាន់មួយរបស់ប្រទេសចិនឆ្លើយតប បានទាន់ពេលវេលាទៅនឹង បម្រែបម្រួលអាកាសធាតុ ។ បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគ ក្នុងសកម្មភាពសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុលបរិស្ថាន អព្យាក្រឹត្យនៃការបំភាយឧស្ម័នកាបូន បង្កើនស័ក្តិសិទ្ធិភាព នៃប្រើប្រាស់ធនធានថាមពល និងទប់ស្កាត់បានយ៉ាងតឹងរឹង ចំពោះការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ។ ប្រទេសចិនបានផ្តល់អាទិភាព ខ្ពស់បំផុត ដល់អរិយធម៌អេកូឡូស៊ី នៅក្នុងផែនការរួម របស់ខ្លួន អនុវត្តគោលនយោបាយជាតិ មូលដ្ឋាន នៃការសន្សំសំចៃធនធាន និងការការពារបរិស្ថាន និងលើកកម្ពស់ការ ស្ដារឡើងវិញ នៃធម្មជាតិដែលក្នុងនោះ ប្រមាណ២៥% នៃផ្ទៃដី ក្នុងប្រទេសចិន ត្រូវបានប្រើប្រាស់ ជាផ្ទៃដី ដាំដើមឈើ ក្នុងពេលដែលប្រទេសចិន ដើរតួនាទីឈានមុខក្នុងការលើកកម្ពស់បរិស្ថានសកល។

កិច្ចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលជាការអភិវឌ្ឍដែលមានលក្ខណៈជាចរន្ត និងដឹកនាំបដិវត្តន៍ក្នុង ពេលបច្ចុប្បន្នរបស់ប្រទេសចិន ឲ្យឆ្ពោះទៅរកវិទ្យាសាស្ត្រ-បច្ចេកវិទ្យានវានុវត្ត ដោយពឹងផ្អែកលើបៃតងភាព និងឧស្សាហកម្មបៃតងត្រូវបានផ្តើម តាំងពីពេលដែលលោក Xi Jinping បានទទួលតំណែងជាអគ្គលេខាធិការ បក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន ចាប់ពីឆ្នាំ២០១២ ហើយមគ្គុទេសក៍ប្រទេសចិន កាន់តែមានសក្តានុពលដ៏ធំនៅ ក្នុងវិស័យបៃតង ដែលអាចក្លាយ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចថ្មីៗរបស់ពិភពលោក ព្រមទាំងជាកាលានុវត្តភាព ដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសកល ។ ជាក់ស្តែង ថ្លែងក្នុងពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៤ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងតាលាន លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសចិនក្តាប់ជាប់ ទិសដៅធំនៃការកសាងសេដ្ឋកិច្ចសកលបែប បើកទូលាយជាប់រហូត រួមគ្នាជាមួយបណ្តាប្រទេសនានា បង្កើតកាលានុវត្តភាពថ្មី នៃការអភិវឌ្ឍដើម្បីជំរុញឱ្យនវានុវត្តន៍ និងផ្តល់សុភមង្គលដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។

ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមលំនាំសង្គមនិយម តាមបែបផែនចិននាយុគសម័យថ្មី ដែលបានចេញដំណើរពីទស្សនវិជ្ជា និងប្រាជ្ញាចិនរបស់លោក Xi Jinping ដែលបានគូសរំលេចពីអរិយធម៌អេកូឡូស៊ីតាមរយៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»។ បញ្ញត្តិ«ប្រទេសចិនស្អាត» បានបង្កើនល្បឿននៃសេដ្ឋកិច្ចបៃតង និងជាតម្រង់ទិសទីផ្សារថ្មីនៃកំណែទម្រង់ និងការបើកទូលាយ របស់ប្រទេសចិន ដែលផ្តើមតាំងពីឆ្នាំ១៩៧៨មក ហើយតាមរយៈកំណើនGDP របស់ប្រទេសចិន ៥,៣%ក្នុងត្រីមាសទី ១ ឆ្នាំ២០២៤បានយកឈ្នះ លើការព្យាករណ៍ ទុករបស់អ្នកវិភាគនានា ដែលកន្លងមកបាន ព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងរីកចម្រើនក្នុងកម្រិត ប្រហែល៤,៨% ហើយតាមរយៈលទ្ធផលដ៏ខ្ពស់ និងសកម្មភាព កាន់តែប្រសើរឡើង នៅក្នុងវិស័យផលិតកម្មបៃតង នឹងក្លាយជាកតាលីករ ចង្អុលទិសដល់ប្រទេសចិន នៅលើផ្លូវឆ្ពោះទៅរកការសម្រេច បានតាមគោលដៅ នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន។

ជារួម ប្រទេសចិនក្នុង រយៈពេលជាង ១ទសវត្សរ៍នេះ គោលគំនិត ទាំង៥នៅក្នុងសេដ្ឋកិច្ចចិន បន្តប្រើប្រាស់គោល ការណ៍បៃតងភាព លើការអភិវឌ្ឍប្រកប ដោយនវានុវត្តន៍ ភាពបន្ស៊ីគ្នា ការបើកចំហ ការអភិវឌ្ឍ និងសុខុមាលភាពសង្គម ហើយដែលនិន្នាការសេដ្ឋកិច្ចបៃតងបានចាក់ឬសយ៉ាងជ្រៅទៅក្នុងសង្គមចិន ដែលបាននាំប្រទេសចិនក្លាយជាគំរូភាពមួយនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយយ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបានគោលដៅសមស្របរវាងកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន ព្រមទាំងជាកាលានុវត្តភាពនៃបទពិសោធន៍សកលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ពិភពលោក និងលើកកម្ពស់ គុណភាពរស់ នៅរបស់មនុស្សជាតិស្របតាមគោល ការណ៍គ្រឹះនៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិ សមាគម មិត្តភាពកម្ពុជា-ចិន

To Top