ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជា កំពុងធ្វើការជំរុញវិស័យកៅស៊ូ មានការរីកចម្រើនបន្ថែមទៀត ឲ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗផងដែរ។
លោករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួង នាថ្ងៃទី២៦ មិថុនា ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឲ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឲ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឲ្យចូលរួមលើការងារនេះផងដែរ។

បើតាម លោករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀតធ្វើយ៉ាងណាឲ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត៕
