ព័ត៌មានអន្តរជាតិ

ថៃឡង់ដ៏ រៀបចំការបោះឆ្នោតជ្រើស រើសព្រឹទ្ធសភារបស់ខ្លួន

បាងកក​៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរៀបចំការបោះឆ្នោត ជុំចុងក្រោយសម្រាប់ ការបោះឆ្នោតព្រឹទ្ធសភា ក្នុងទីក្រុងបាងកក ក្រោយពីអាណត្តិសមាជិកព្រឹទ្ធសភាអាណត្តិ៥ឆ្នាំបានបញ្ចប់នៅក្នុងខែឧសភា ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា (EC) បានឱ្យដឹងថា កាលពីមុនប្រកួតប្រជែងនៅថ្នាក់ស្រុក និងខេត្តនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បេក្ខជនទទួលជោគជ័យចំនួន២.៩៨៩ នាក់បានឈានទៅបោះឆ្នោតព្រឹទ្ធសភាជាតិ ដែលពួកគេបានបោះឆ្នោតក្នុងចំណោម ពួកគេដើម្បីជ្រើសរើសសមាជិក សភាជាន់ខ្ពស់ចំនួន២០០រូប

តំណាងឱ្យក្រុមសង្គម និងវិជ្ជាជីវៈចំនួន ២០ប្រភេទ បេក្ខជនចំនួន១០រូបនាក់ ដែលទទួលបានសំឡេងគាំទ្រ ច្រើនជាងគេពីក្រុមនីមួយៗ នឹងត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភា ។

ការរាប់សន្លឹកឆ្នោតបានបន្តរហូតដល់ល្ងាចថ្ងៃពុធ ហើយគណៈកម្មាធិការ EC ត្រូវបានគេរំពឹងថា នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២ ខែកក្កដាខាងមុខ ។

ស្ថិតក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧របស់ព្រះរាជាណាចក្រថៃ សមាជិកព្រឹទ្ធសភាថ្មី នឹងលែងមានអំណាច ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ដូចអ្នកកាន់តំណែង មុនរបស់ពួកគេ ។ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងបន្តចូលរួមក្នុង ភារកិច្ចនីតិបញ្ញត្តិ ការតែងតាំងអង្គការឯករាជ្យ និងផ្តល់ការត្រួតពិនិត្យ និងសមតុល្យដល់រដ្ឋាភិបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top