បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានជាង២០តោន ដែលមានតម្លៃ៦,៤៥ពាន់លានបាត ស្មើនឹងប្រហែល១៧៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ ។
លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណៈ បានថ្លែងថា គ្រឿងញៀនខុសច្បាប់ដែលត្រូវបានដុតបំផ្លាញ ដែលរឹបអូសបានពី៤១.៨០០ករណី ដែលរួមមានភាគច្រើន មេតាមហ្វេតាមីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ដែលរួមមានវិធានការទប់ស្កាត់ ការបង្ក្រាប និងស្តារនីតិសម្បទាឡើងវិញ ។
លោក Somsak បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលថៃ បានទទួលស្គាល់ផលប៉ះពាល់ដ៏សាហាវនៃការប្រើប្រាស់គ្រឿងញៀន ហើយបានដាក់ការលុបបំបាត់របស់ខ្លួន នៅជួរមុខ នៃរបៀបវារៈជាតិ ដោយសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការ ក្នុងចំណោមគ្រប់វិស័យដើម្បីដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។
លោកលើកឡើងទៀតថា មន្ត្រីសុខាភិបាលសាធារណៈនឹងបន្តផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកញៀនថ្នាំ ក៏ដូចជាជួយរុះរើបណ្តាញគ្រឿងញៀន ដើម្បីលើកកម្ពស់បរិយាកាសគ្មានគ្រឿងញៀន ។
យោងតាមក្រសួងខាងលើ ប្រតិបត្តិការនេះបានកត់សម្គាល់សមយុទ្ធទ្រង់ទ្រាយធំលើកទី២នៅក្នុងឆ្នាំសារពើពន្ធ២០២៤នេះ ក្រោយពីមានការដុតបំផ្លាញដ៏ធំចំនួន៣៤០តោនក្នុងខែធ្នូ ឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា