បរទេស ៖ គ្រូបង្រៀនតន្ត្រីម្នាក់ ត្រូវបានបណ្តេញចេញពីសាលា Patumkongka បន្ទាប់ពីប្រឈម នឹងការចោទប្រកាន់ចំនួន ១០ ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ លើសិស្សអាយុ ១៥ឆ្នាំម្នាក់ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសប៉ុស្តិ៍ Thong Lor បាននាំខ្លួនជនសង្ស័យ Tantat Duriyapirom អាយុ ៣៦ ឆ្នាំទៅកាន់តុលាការព្រហ្មទណ្ឌភាគខាងត្បូង ទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការចោទប្រកាន់។ បទចោទទាំងនោះរួមមាន ការរំលោភបំពានលើកុមារ ការចាប់រំលោភ ការបំបែកកុមារពីឪពុកម្តាយ ការបង្ខិតបង្ខំ និងការកាន់កាប់វីដេអូអាសអាភាស។
គ្រូបង្រៀន ដែលធ្លាប់ធ្វើការ នៅសាលាសាធារណៈដ៏ល្បីមួយក្នុងសង្កាត់ Khong Toei នៃទីក្រុងបាងកក អស់រយៈពេលប្រាំបីឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ ។ ការចាប់ខ្លួននេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសិស្សថ្នាក់ទី៩ រងគ្រោះបានប្រាប់រឿងរ៉ាវរំលោភបំពាន ដ៏យូររបស់គាត់ ជាមួយម្តាយរបស់គាត់ ដោយលើកឡើងពីការរំលោភបំពាន ដោយហិង្សាថា ជាតម្លៃចុងក្រោយដែលបង្ខំគាត់ឱ្យនិយាយ។
លោក Thanu Wongjinda អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) បាននិយាយថា គ្រូបង្រៀនរូបនោះ គឺត្រូវបានបណ្តេញចេញ ពីការងារកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលៈ ណៃ តុលា