ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធាថ្មី ដើម្បីទប់ទល់ នឹងកូរ៉េខាងជើង

AFP

តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមសមយុទ្ធ យោធារួមគ្នាថ្មីមួយ នៅសមុទ្រចិនខាងកើត ដែលផ្ដោតលើដែនអាកាស កងទ័ពជើងទឹក និងអ៊ីនធឺណិត ជាក់ស្តែងដើម្បីបង្កើន ការត្រៀមខ្លួនរបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែង មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សមយុទ្ធ “Freedom Edge” រយៈពេលបីថ្ងៃ ពាក់ព័ន្ធនឹងនាវាផ្ទុកឧទ្ធម្ភាគចក្រ Ise និង នាវាពិឃាត Aegis Atago ពីកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន និងនាវាផ្ទុកថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក Theodore Roosevelt នេះបើយោងតាមសេចក្តីថ្លែងការណ៍ត្រីភាគី ដែលចេញផ្សាយដោយ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាវាពិឃាតកូរ៉េខាងត្បូង ក៏ដូចជាយន្តហោះ មកពីប្រទេសទាំងបី ក៏កំពុងចូលរួមក្នុង សមយុទ្ធនេះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមប្រភពយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា សមយុទ្ធដែលបានចាប់ផ្តើម នៅលើសមុទ្រខ្ពស់ភាគខាងត្បូង នៃកោះចេជូ របស់កូរ៉េខាងត្បូង បង្ហាញពី “ឆន្ទៈ” របស់ទីក្រុងតូក្យូ វ៉ាស៊ីនតោន និងសេអ៊ូល” ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការត្រីភាគី និងការពារសេរីភាព សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុង ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងឧបទ្វីបកូរ៉េ។

សមយុទ្ធនេះនឹងផ្តោតលើ “ការការពារកាំជ្រួចផ្លោង កិច្ចសហប្រតិបត្តិការ ការការពារដែនអាកាស សង្គ្រាមប្រឆាំងនាវា មុជទឹក ការស្វែងរក និងជួយសង្គ្រោះ ការរារាំងដែនសមុទ្រ និងការហ្វឹកហ្វឺនការពារតាមអ៊ីនធឺណិត” ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top