ព័ត៌មានអន្តរជាតិ

អ្នកស្រុកហ្គាហ្សា កំពុងត្រូវការការថែទាំ សុខភាពយ៉ាងខ្លាំង ខណៈវិបត្ដិនេះកាន់តែអាក្រក់

Xinhua

ហ្គាហ្សា៖ ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថានភាពសុខភាពនៅក្នុង តំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន នៃតំបន់ហ្គាហ្សាស្ទ្រីប កាន់តែអាក្រក់ទៅៗ ខណៈដែលអ្នកស្រុកត្រូវការការ ថែទាំសុខភាពយ៉ាងខ្លាំង។

ទីភ្នាក់ងារជំនួយ និងការងារ របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មណ្ឌលសុខភាព UNRWA មួយចំនួនតូចនៅតែដំណើរការនៅក្នុងតំបន់ហ្គាហ្សា។

ប្រភពបានឲ្យដឹងថា ក្រុមរបស់ខ្លួននៅ Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា បន្តបម្រើគ្រួសារក្នុងតំបន់ ប៉ុន្តែកង្វះខាតថ្នាំ និងប្រេងឥន្ធនៈធ្ងន់ធ្ងរ កំពុងរារាំងប្រតិបត្តិការសង្គ្រោះជីវិត។

ដោយឡែក UNRWA បានឲ្យដឹងថា គំនរសំរាម និងទឹកស្អុយជុំវិញ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ប្រភពបានឲ្យដឹងថា “ស្ថានភាពសុខភាព បន្តកាន់តែអាក្រក់ទៅៗ ដោយសារទីជំរក ដែលមានមនុស្សច្រើន កង្វះអាហារ ទឹក និងប្រេងឥន្ធនៈ លទ្ធភាពទទួលបានការផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្តតិចតួច និងកំដៅនៅរដូវក្តៅ” ។

អាជ្ញាធរសុខាភិបាលនៅហ្គាហ្សា បានឲ្យដឹងថា កុមារប៉ាឡេស្ទីន ២១នាក់ ដែលមានជំងឺមហារីក បានចាកចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍តាមរយៈច្រក Kerem Shalom ដើម្បីព្យាបាល នៅបរទេស ដែលជាលើកទីមួយសម្រាប់អ្នកជំងឺនៅក្នុងតំបន់ ដែលត្រូវចាកចេញចាប់តាំងពីច្រកព្រំដែនរ៉ាហ្វា ដែលត្រូវបានបិទនៅដើមខែឧសភា។

លោក Mohammed Zaqout អគ្គនាយកមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា មធ្យោបាយដែលអ្នកជំងឺចាកចេញគឺ “ពិបាក និងស្មុគស្មាញ ដែល មិនធ្លាប់មាន ហើយនឹងមិនត្រូវបាន ជំនួសឲ្យការឆ្លងកាត់ទឹកដីរ៉ាហ្វានោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top