ហ្សាការតា៖ គណៈកម្មាធិការលុប បំបាត់អំពើពុករលួយ របស់ប្រទេសឥណ្ឌូនេស៊ី ហៅកាត់ថា (KPK) បានអំពាវនាវឱ្យមានការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០០លានរូពី ស្មើនឹងប្រហែល៣០.០០០ដុល្លារសហរដ្ឋអាមេរិក ដល់អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo ពីបទចោទប្រកាន់ពីបទជំរិតទារ ប្រាក់ដែលជាអំពើពុករលួយ ។
នៅក្នុងអំឡុងពេលសវនាការ កាលពីថ្ងៃសុក្រ ព្រះរាជអាជ្ញា Meyer Simanjuntak បានបង្ហាញថា លោក Limpo ក៏តម្រូវឱ្យសងប្រាក់ចំនួន ៤៤.២៧ពាន់លានរូពី ប្រហែលនឹង២,៧១លានដុល្លារសហរដ្ឋអាមេរិក និងទឹកប្រាក់៣០.០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនសរុបដែលគាត់បានទទួលនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៣ពីអគ្គលេខាធិការ និងនាយកមួយរូប ។
លោក Limpo ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ ត្រូវបានចោទប្រកាន់ថា បានក្លែងបន្លំថវិកា របស់ក្រសួងចំនួន២០ភាគរយ សម្រាប់ការចំណាយផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាសម្រាប់ការបរិច្ចាគ ដល់គណបក្សនយោបាយ របស់គាត់ផងដែរ ។
លោក Simanjuntak បានលើកឡើងថា លោក Limpo ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបំពានច្បាប់ ប្រឆាំងអំពើពុករលួយ បូករួមជាមួយនឹងក្រមព្រហ្មទណ្ឌទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា