ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យវិមានក្រឹមឡាំងថា ការជជែកដេញដោល ប្រធានាធិបតីអាមេរិក គឺមិនបានធ្វើឱ្យលោកពូទីន ចាប់អារម្មណ៍ឡើយ

AFP

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃសុក្រថា ការជជែកដេញដោល ប្រធានាធិបតី អាមេរិក គឺមិនបានជាការ ចាប់អារម្មណ៍ ជាពិសេសអ្វី ចំពោះប្រធានាធិបតីរុស្ស៊ី ហើយដែលវាមិន មានហេតុផល ដើម្បីមើលព្រឹត្តិការណ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការប៉ះទង្គិច ពាក្យសម្តីគ្នាតាមទូរទស្សន៍នៅស្ទូឌីយ៉ូរបស់ CNN ក្នុងទីក្រុង Atlanta រវាងប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតី Donald Trump បញ្ហា នៃប្រទេសរុស្ស៊ីបានផ្ទុះឡើង ដោយគូប្រជែងទាំងពីរបានចោទ ប្រកាន់គ្នាទៅវិញទៅមកថា បាន “លើកទឹកចិត្ត” លោក វ្លាឌីមៀ ពូទីន ឱ្យចាប់ផ្តើមមានអរិភាព ជាមួយអ៊ុយក្រែន នៅឆ្នាំ២០២២ និងមានជំហរខ្សត់ខ្សោយលើទីក្រុងម៉ូស្គូ។

អ្នកកាសែតរុស្ស៊ីបានសួរលោក Peskov ថាតើលោកពូទីនបានមើលការជជែកដេញដោលផ្ទាល់ដែរឬទេ។ លោក Peskov បានតបដោយ​សំដៅ​ទៅ​លើ​ភាព​ខុស​គ្នា​នៃ​ពេល​វេលា​រវាង​ប្រទេស​ទាំង​ពីរ (អាមេរិក-រុស្ស៊ី)ថា “អ្នកកុំរំពឹងថា ប្រធានាធិបតីរុស្ស៊ី ដាក់ម៉ោងរោទិ៍ ដើម្បីក្រោកពីព្រលឹម ហើយមើលការជជែកដេញដោលនៅអាមេរិក មែនទេ?”

លោកបានបន្ថែមថា នយោបាយបោះឆ្នោត ក្នុងស្រុកនៅអាមេរិក “មិនស្ថិតក្នុងចំណោមបញ្ហាអាទិភាព សម្រាប់របៀបវារៈរបស់យើងតាមវិធីណាក៏ដោយ”។ លោក Peskov បានសង្កត់ធ្ងន់ថា ការិយាល័យរបស់លោក ពូទីន នឹងវិភាគសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយបេក្ខជនក្នុងពេលកំណត់ ប៉ុន្តែវាជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងមិនវាយតម្លៃជាសាធារណៈអំពីលទ្ធផល នៃការជជែកដេញដោលនោះទេ ព្រោះថានេះនឹងជាការជ្រៀតជ្រែក ក្នុងនយោបាយ ក្នុងស្រុករបស់បរទេស ដែលជាអ្វីមួយ ដែលរុស្ស៊ីមិនធ្វើ បើទោះបីជាមានការអះអាង ពីសហរដ្ឋអាមេរិក ផ្ទុយពីនេះក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top