បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានបញ្ជាឱ្យយោធាបង្ហាញ ផែនការអំពីរបៀប “ប្រតិកម្មតប ចំពោះការបង្កហេតុ” ទាក់ទងនឹងការកើនឡើង នៃការចូលរួមរបស់អង្គការណាតូ នៅក្នុងជម្លោះអ៊ុយក្រែន។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែង ការណ៍ខ្លី មួយបានកត់សម្គាល់ពី “ការកើនឡើងចំនួន នៃបេសកកម្មយន្តហោះ គ្មានមនុស្សបើកជាយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកដែលបានហោះហើរលើសមុទ្រខ្មៅ” ។ យន្តហោះ “ធ្វើការឈ្លបយកការណ៍ និងផ្តល់ទិន្នន័យ គោលដៅសម្រាប់អាវុធ ដែលបណ្តាប្រទេសលោកខាងលិច ផ្គត់ផ្គង់ដើម្បីធ្វើការវាយប្រហារ លើវត្ថុគោលដៅរបស់រុស្ស៊ី” ។
សារបានព្រមានថា “ការហោះហើរបែបនេះបង្កើនភាព ដែលអាចទៅរួច ដែលឧប្បត្តិហេតុ អាចកើតឡើង នៅក្នុងដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះយោធារុស្ស៊ី និងហានិភ័យនៃការ ប្រឈមមុខដាក់គ្នា ដោយផ្ទាល់នៃសម្ព័ន្ធភាព ជាមួយសហព័ន្ធរុស្ស៊ី” ។
ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា សមាជិកអង្គការណាតូ នឹងទទួលខុសត្រូវ ក្នុងករណីមានឧបទ្ទវហេតុបែបនេះ។
ទីក្រុងមូស្គូបានចោទ ប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានចែករំលែកការទទួលខុសត្រូវ ជាមួយក្រុងគៀវ ចំពោះការវាយប្រហារ ដ៏ខ្លាំងក្លា នៅលើឆ្នេរមួយក្នុងទីក្រុង Sevastopol កាលពីសប្តាហ៍មុន ។ យោងតាមមន្ត្រីរុស្ស៊ី បានឲ្យដឹងថា ជនស៊ីវិល ៤នាក់ រួមទាំងកុមារពីរនាក់ ត្រូវបានសម្លាប់ និងជាង ១៥០ នាក់ រងរបួស បន្ទាប់ពីកាំជ្រួច ATACMS ដែលបរិច្ចាគដោយ សហរដ្ឋអាមេរិក បានបាញ់ពង្រាយ គ្រាប់បែកចង្កោម ៕
ប្រែសម្រួលៈ ណៃ តុលា