បរទេស៖ មនុស្ស ៦ នាក់ ត្រូវបានចាប់ខ្លួនពីបទបើកគេហទំព័រ លេងល្បែងដើម្បីទទួលការភ្នាល់ លើការប្រកួតបាល់ទាត់ អឺរ៉ូឆ្នាំ ២០២៤ ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីសលើទីតាំងចំនួន៤ ក្នុងខេត្ត ឈៀងរ៉ៃ និង ប៉ាធុំ ថានី ។ ប៉ូលីសបាននិយាយកាលពីថ្ងៃសុក្រថា គេហទំព័រនេះរកចំណូលបាន ១៦១ លានបាត ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ Athip Pongsiwapai មេបញ្ជាការផ្នែកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា (TCSD) បាននិយាយថា ទីតាំងចំនួន ៣ នៅឈៀងរ៉ៃ និងមួយកន្លែងនៅខេត្ត ប៉ាធុំ ថានី ត្រូវបានស្វែងរកពាក់ព័ន្ធនឹងទីតាំងល្បែង Autowin888 ។
ស្ត្រី៤នាក់ និងបុរស២នាក់ ត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយតុលាការព្រហ្មទណ្ឌ ក្រោមការចោទប្រកាន់ពីប្រតិបត្តិការ ល្បែងស៊ីសងតាមអ៊ីនធឺណិត និងលាងលុយកខ្វក់។
នៅក្នុងការបង្រ្កាបនោះ ប៉ូលីសរឹបអូសបានកុំព្យូទ័រ២គ្រឿង ទូរស័ព្ទ២៩គ្រឿង , សៀវភៅធនាគារ២២ក្បាល, កាតអេធីអឹម១៩កាត , ឡាន២គ្រឿង , លុយ ៣,៦លានបាត , ប័ណ្ណកម្មសិទ្ធិដី២, កាំភ្លើងខ្លីមួយដើម និងវត្ថុមានតម្លៃមួយចំនួនទៀត ៕
ប្រែសម្រួលៈ ណៃ តុលា