វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ នឹងធ្វើការសម្របសម្រួល បន្ថែមទៀតជាមួយវិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយការ កើនឡើងនៃអតិផរណា និងអត្រាប្តូរប្រាក់បរទេស ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ របស់ពួកគេទៅលើតម្លៃទំនិញ។
ទូរទស្សន៍ជាតិឡាវកាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Kommasith បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការផ្តោតអារម្មណ៍រវាងស្ថាប័នស្រាវជ្រាវ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាសេដ្ឋកិច្ចរ៉ាំរ៉ៃ និងស្មុគស្មាញ។
ថ្លែងក្នុងសម័យប្រជុំសាមញ្ញលើកទី៧ នីតិកាលទី៩ របស់រដ្ឋសភា ដែលបានបើកនៅថ្ងៃទី១០ ខែមិថុនា លោក Malaythong បានឲ្យដឹងថា ក្រសួងនឹងកែលម្អផែនការការងាររបស់ខ្លួន និងបង្កើនប្រសិទ្ធភាពនៃគណៈកម្មាធិការផ្សេងៗ ដែលរដ្ឋាភិបាលតែងតាំង ដូចជា គណៈកម្មាធិការត្រួតពិនិត្យតម្លៃទំនិញ ហើយគណៈកម្មាធិការគ្រប់គ្រងការនាំចូល និងនាំចេញ គណៈកម្មាធិការលើកកម្ពស់ផលិតកម្ម នឹងជំនួសការនាំចូល និងក្នុងចំណោមផ្សេងទៀត។
ក្រសួងនឹងផ្តោតលើការស្រាវជ្រាវ ដើម្បីកែលម្អគោលនយោបាយទាក់ទងនឹងហិរញ្ញវត្ថុ រូបិយប័ណ្ណ អគ្គិសនី ការងារ ថាមពល ការដឹកជញ្ជូន និងបទប្បញ្ញត្តិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងក៏នឹងផ្តោតលើការស្រាវជ្រាវផងដែរ ដើម្បីកែលម្អគោលនយោបាយជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ជំរុញការវិនិយោគក្នុងកសិដ្ឋានឧស្សាហកម្ម ដករបាំង និងបង្កើនដើមទុន សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម ព្រមទាំងជំរុញការវិនិយោគក្នុងវិស័យផលិតកម្ម។
ក្រសួងនឹងបន្តតាមដានការប្រែប្រួលតម្លៃផលិតផល និងពិនិត្យការអនុវត្តវិធានការត្រួតពិនិត្យតម្លៃទំនិញ។ ប្រទេសឡាវបានកត់ត្រាអត្រាអតិផរណាចំនួន ២៦,២ ភាគរយនៅក្នុងខែមិថុនា ដែលជាការកើនឡើងបន្តិចពី ២៥,៨ ភាគរយនៅក្នុងខែឧសភា៕
ប្រែសម្រួល ឈូក បូរ៉ា