ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ប៉ាឡេស្ទីន បដិសេធ​ការ​ប្រគល់ ​តំបន់​ហ្គាហ្សា ទៅ​ឲ្យ​កងកម្លាំង​បរទេស

Xinhua

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលវត្តមាន បរទេសណា មួយនៅលើទឹកដី ប៉ាឡេស្ទីនជាការ ឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់អ៊ីស្រាអែល ដែលអំពាវនាវឱ្យប្រគល់តំបន់ ហ្គាហ្សាស្ទ្រីបទៅ ឱ្យកងកម្លាំងអន្តរជាតិ។

នៅក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីបានឲ្យដឹងថា “គ្មានភាពស្របច្បាប់សម្រាប់វត្តមានបរទេសណាមួយ នៅលើទឹកដីប៉ាឡេស្ទីននោះទេ ហើយមានតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តថាអ្នកណាគ្រប់គ្រង និងគ្រប់គ្រងកិច្ចការរបស់ពួកគេ” ។

លោក​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​អ៊ីស្រាអែល “ជា​ការ​យល់​ច្រឡំ​ប្រសិន​បើ​ខ្លួន​គិត​ថា ខ្លួន​អាច​សម្រេច​ជោគវាសនា​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ពង្រឹង​ការ​កាន់កាប់​ដោយ​ការ​នាំ​យក​កម្លាំង​បរទេស​មក”។

អ្នកនាំពាក្យបានហៅអង្គការរំដោះប៉ាឡេស្ទីនថា ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន ដែល “មានសិទ្ធិអំណាចស្របច្បាប់លើទឹកដីប៉ាឡេស្ទីនទាំងអស់ រួមទាំងតំបន់ហ្គាហ្សា វេសប៊ែង និងយេរ៉ូសាឡឹម”។

លោកបានសង្កត់ធ្ងន់ថា “បញ្ហាប៉ាឡេស្ទីនគឺអំពីដីធ្លី និងឋានៈរដ្ឋ មិនមែនត្រឹមតែជំនួយមនុស្សធម៌ប៉ុណ្ណោះទេ វាគឺជាបញ្ហាដ៏ពិសិដ្ឋ និងជាបុព្វហេតុកណ្តាល សម្រាប់ជនជាតិអារ៉ាប់”។

កាលពីថ្ងៃសុក្រ វិទ្យុសាធារណៈរបស់អ៊ីស្រាអែល Kan បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានពិភាក្សាអំពីផែនការ ដំណាក់កាលអន្តរកាល សម្រាប់តំបន់ហ្គាហ្សា ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top