បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអាទិត្យ បាននិយាយថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសរសេរមកកាន់លោក ដើម្បីស្នើឱ្យកងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំង F-16 Block 70 ពីសហរដ្ឋអាមេរិក ប៉ុន្តែបាននិយាយថា ចំណុចជាច្រើនមិនទាន់ត្រូវបានពិភាក្សានៅឡើយ រួមទាំងតម្រូវការរបស់លោកសម្រាប់ ការវិនិយោគទៅវិញទៅមក និងស្មើភាពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Robert Godec បានសរសេរទៅកាន់លោក ដើម្បីសុំឱ្យកងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំង F-16 Block 70 ពីក្រុមហ៊ុន Lockheed Martin របស់អាមេរិក ។
លោក សេដ្ឋា បាននិយាយថា លោកបានពិភាក្សាអំពីគម្រោង របស់កងទ័ពអាកាសក្នុងការទិញ យន្តហោះចម្បាំងថ្មីជាមួយមេទ័ពអាកាស ឧត្តមសេនីយ៍ Panpakdee Patanakul ជាច្រើនលើកច្រើនសារ ដោយសារតែកងទ័ពអាកាស បានប្រើប្រាស់យន្តហោះចម្បាំង F-16 Block 35 យូរមកហើយ។
លោកបានប្រាប់មេបញ្ជាការទ័ពអាកាស ឱ្យដាក់មូលហេតុលើការជ្រើសរើសយន្តហោះចម្បាំង លើផែនការអភិវឌ្ឍន៍កងទ័ពអាកាសរយៈពេល ១០ឆ្នាំ និងលើគោលនយោបាយ ទូទាត់ ដែលមានន័យថា អ្នកផ្គត់ផ្គង់នឹងត្រូវវិនិយោគនៅប្រទេសថៃ ក្នុងចំនួនដូចគ្នានឹងតម្លៃទិញ។
ការទំនាក់ទំនងរបស់ឯកអគ្គរដ្ឋទូតអាមេរិកពេលនេះ គឺត្រូវបានធ្វើឡើងនៅពេលដែលប្រទេសស៊ុយអែត កំពុងផ្តល់ជូនដើម្បីលក់យន្តហោះចម្បាំង SAAB Gripen របស់ខ្លួនទៅឱ្យកងទ័ពអាកាសថៃ ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា