បរទេស៖ អ៊ីរ៉ង់បាននិយាយថា បន្ទាប់ពីមានការបាញ់ឆ្លងព្រំដែនកាន់តែខ្លាំងរវាងកងកម្លាំង IDF របស់អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ថា អ៊ីស្រាអែលនឹងប្រឈមមុខនឹងសង្រ្គាមមហន្តរាយ ប្រសិនបើកម្លាំងរបស់ខ្លួនចូលឈ្លានពានប្រទេសលីបង់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅដើមខែមិថុនាថា អ៊ីស្រាអែល “បានត្រៀមខ្លួនសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លាមួយ” នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។
នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃសុក្រ បេសកកម្មរបស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិបានចាត់ទុកការត្រៀមលក្ខណៈជាក់ស្តែងរបស់អ៊ីស្រាអែលថា ជា “សង្គ្រាមផ្លូវចិត្ត” និង “ការឃោសនា” ប៉ុន្តែបានព្រមានថា “សង្រ្គាមនឹងកើតឡើង” ប្រសិនបើអ៊ីស្រាអែលធ្វើការវាយប្រហារយ៉ាងពេញទំហឹងលើ ទឹកដីលីបង់។
បេសកកម្មអ៊ីរ៉ង់បាននិយាយថា “ជម្រើសទាំងអស់ រួមទាំងការចូលរួមពេញលេញនៃរណសិរ្សតស៊ូទាំងអស់ គឺស្ថិតនៅលើតុ”។ វាបានបញ្ជាក់ពីមុនថា ក្រុមហេសបូឡា «មានសមត្ថភាពការពារខ្លួន និងលីបង់» ហើយនឹងកម្ចាត់កងកម្លាំងការពារអ៊ីស្រាអែល។ នៅព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។
កងកម្លាំងការពាររបស់អ៊ីស្រាអែល បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ យន្តហោះចម្បាំងបានវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា ជាច្រើន រួមទាំងទីតាំងយោធាសម្រាប់អង្គការនៅក្នុងតំបន់ Zabqin ទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការចំនួនពីរនៅក្នុងតំបន់ Khiam និងអគារ Hezbollah នៅក្នុងតំបន់ al-Adissa”៕ ប្រែសម្រួលៈ ណៃ តុលា