ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធា ៤៨០ប្រភេទសម្រាប់ប្រើប្រាស់ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៤នេះ

គៀវ៖ ក្រសួងការពារជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា យោធាអ៊ុយក្រែនបានអនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធាប្រហែល ៤៨០ប្រភេទ សម្រាប់ប្រើប្រាស់នៅក្នុងពាក់កណ្តាលដំបូង នៃឆ្នាំ២០២៤នេះ ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ជាពិសេស ម៉ូដែលចំនួន២៩០ប្រភេទ គឺជាផលិតផលរបស់ ក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ។

នៅក្នុងចំណោមសព្វាវុធដែលត្រូវបានអនុម័ត ក្នុងអំឡុងខែមករាដល់ខែមិថុនា ក្រសួងបានរាយបញ្ជីប្រភេទផ្សេងៗ ក្នុងនោះរួមមាន យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងយន្តហោះគ្មានមនុស្ស បើកឈ្លបយកការណ៍តាមដែនអាកាស និងគ្រាប់រំសេវផ្សេងៗ ។

ក្រៅពីនេះ ប្រទេសអ៊ុយក្រែន បានយកមធ្យោបាយទំនាក់ទំនង មធ្យោបាយធ្វើសង្គ្រាមតាមវិទ្យុអេឡិចត្រូនិក និងឧបករណ៍ដោះមីនក្នុងចំណោម ឧបករណ៍យោធាផ្សេងទៀត ។

លោក Ivan Havryliuk អនុរដ្ឋមន្ត្រីការពារជាតិទី១បានលើកឡើងថា តម្រូវការសព្វាវុធរបស់អ៊ុយក្រែន មានសារៈសំខាន់ណាស់ ដោយសារជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី ។

ក្រសួងការពារជាតិបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ យោធាអ៊ុយក្រែនបានទទួលយកគំរូសព្វាវុធ និងឧបករណ៍យោធាដែលផលិត ក្នុងស្រុកជាង២០០ម៉ូដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top