ហែលហ្សេនគី៖ សភាហ្វាំងឡង់ បានអនុម័តកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ (DCA) ជាមួយសហរដ្ឋអាមេរិក នេះបើតាមការប្រកាស របស់សភាកាលពីថ្ងៃចន្ទ។
យោងតាមទូរទស្សន៍ជាតិហ្វាំងឡង់ Yle នៅក្រោមកិច្ចព្រមព្រៀងនេះ ហ្វាំងឡង់ នឹងបើកមូលដ្ឋានយោធាចំនួន ១៥ របស់ខ្លួនសម្រាប់ការប្រើប្រាស់ សក្តានុពលដោយកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ហើយនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក នាំយកឧបករណ៍ការពារ ការផ្គត់ផ្គង់សម្ភារៈ និងទាហានទៅកាន់ប្រទេសហ្វាំងឡង់ផងដែរ។
លើសពីនេះ កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យ បង្កើតតំបន់យោធាមួយចំនួន ដែលនឹងរួមបញ្ចូលមធ្យោបាយ ដែលអាចចូលបានសម្រាប់តែបុគ្គលិក របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
ទូរទស្សន៍ Yle បានកត់សម្គាល់ថា កិច្ចព្រមព្រៀងបង្កើតក្របខ័ណ្ឌ សម្រាប់សកម្មភាពរបស់សហរដ្ឋអាមេរិក និងវត្តមានអចិន្ត្រៃយ៍បន្ថែមទៀត នៅក្នុងប្រទេសហ្វាំងឡង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Anna Kontula សមាជិកសភា បានដាក់សំណើសុំឱ្យសមាជិកសភា បដិសេធកិច្ចព្រមព្រៀងនេះ។ ដកស្រង់សម្តីដោយពីកាសែត Uusi Suomi ដែលជាសេវាកម្មព័ត៌មានអនឡាញ របស់ហ្វាំងឡង់បានឲ្យដឹងថា “ជាទូទៅ វាមិនមែនជាគំនិតល្អនោះទេ ក្នុងការអនុញ្ញាតឱ្យទាហាន និងសព្វាវុធរបស់បរទេសមកតាំងទីលំនៅ។
សមាជិកសភារូបនេះបានសង្កត់ធ្ងន់ថានៅក្នុង DCA ប្រទេសហ្វាំងឡង់ បានប្រគល់អធិបតេយ្យភាពរបស់ខ្លួន ទៅឱ្យរដ្ឋបរទេសយ៉ាងសំខាន់ នេះបើយោងតាមកាសែត Uusi Suomi៕
ប្រែសម្រួល ឈូក បូរ៉ា