ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបាញ់ប្រហារមីស៊ីលត្រូវចំអាកាសយានដ្ឋាន និងបំផ្លាញយន្តហោះរបស់អ៊ុយក្រែនអស់៥គ្រឿង

AFP


ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋាននៅក្នុងតំបន់ Poltava របស់ប្រទេសអ៊ុយក្រែន ដោយបានបំផ្លាញយន្តហោះចម្បាំងរបស់អ៊ុយក្រែនប្រភេទ Su-27 ចំនួន៥គ្រឿង ។

ក្រសួងបានឲ្យដឹងថា ការវាយប្រហារដោយប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M បានកំណត់គោលដៅលើកន្លែងចតយន្តហោះនៅឯអាកាសយានដ្ឋាន Myrhorod និងបានបំផ្លាញយន្តហោះចម្បាំង Su-27 ចំនួន៥គ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបង្កការខូចខាតចំនួន២ទៀតដែលកំពុងជួសជុលនៅពេលនោះដែរ ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនបានផ្សាយដូច្នេះ ។

ក្រសួងខាងលើក៏បានបញ្ចេញវីដេអូនៃការធ្វើវាយប្រហារនេះដែរ ហើយអាជ្ញាធរអ៊ុយក្រែន មិនបានចេញការឆ្លើយតបភ្លាមៗអ្វីនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top