ហ្គាហ្សា ស្ទ្រីប៖ នៅថ្ងៃអង្គារនេះ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង និងបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ ក្រោយពីកងទ័ពបានបញ្ជាឡើងវិញឱ្យពលរដ្ឋប៉ាឡេស្ទីន ធ្វើការចាកចេញពីតំបន់ក្បែរព្រំដែនទឹកដីដែលត្រូវបានឡោមព័ទ្ធ រវាងអ៊ីស្រាអ៊ែល និងអេហ្ស៊ីប ។
សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងជាច្រើននៅជុំវិញទីក្រុង Khan Yunis ដែលជាទីក្រុងសំខាន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអ៊ែល បានដកខ្លួនចេញកាលពីដើមខែមេសា ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងមហន្តរាយអស់រយៈពេលជាច្រើនខែមកនេះ ។
ប្រភពពីមន្ទីរពេទ្យក្នុងទីក្រុងបានឲ្យដឹងថា ការបាញ់ផ្លោងបានសម្លាប់មនុស្សអស់ចំនួន៨នាក់ និងជាង ៣០នាក់ផ្សេងទៀតបានរងរបួស ។
គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែកនេះបានកើតឡើងក្រោយពីការរារាំងដោយគ្រាប់រ៉ុក្កែតមួយនៅភាគខាងត្បូងអ៊ីស្រាអ៊ែល ដែលទាមទារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ដែលបានប្រយុទ្ធជាមួយក្រុមហាម៉ាស់ ។
ដោយសារតែបញ្ហានេះបានបន្តកើតឡើង គឺមានការចេញបញ្ជាឱ្យជម្លៀសពលរដ្ឋនៅតំបន់ភាគច្រើននៅភាគខាងកើតនៃទីក្រុង Khan Yunis និង Rafah រួមទាំងទីប្រជុំជន Al-Qarara និង Bani Suhaila ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា