ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ុយក្រែន​ ដល់ទៅ៩គ្រឿង ត្រូវបានបំផ្លាញត្រឹមតែពេលមួយថ្ងៃ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានកម្ទេចយន្តហោះចម្បាំងចំនួន ៩ គ្រឿង ដែលប្រតិបត្តិការដោយកងទ័ពអាកាសអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះប៉ុណ្ណោះ។

យោធារុស្សី​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​អាកាសយានដ្ឋាន Mirgorod របស់​អ៊ុយក្រែន​ក្នុង​តំបន់ Poltava។

ក្រសួងការពារជាតិរុស្សីបាននិយាយថា យន្តហោះចម្បាំង Sukhoi Su-27 សរុបចំនួន៧គ្រឿងត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល Iskander-M ។ព័ត៌មានបន្ថែមក្រោយមកបានរាយការណ៍ថា Su-27 និង MiG-29 មួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។

របាយការណ៍បាននិយាយថា ពួកគេក៏បានស្ទាក់ចាប់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេសចំនួន៦ គ្រាប់បែក AASM Hammer ផលិតដោយបារាំង គ្រាប់រ៉ុក្កែត HIMARS និងយន្តហោះគ្មានមនុស្សបើកចំនួន៨១រួមទាំងយន្តហោះគ្មានមនុស្សបើក Bayraktar TB2 ដែលផលិតនៅប្រទេសតួគី។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងគៀវនៅតែបន្ត​ស្នើ​ឱ្យ​អ្នក​គាំទ្រ​បរទេស​របស់ខ្លួន​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក ខណៈ​ដែល​ខ្លួន​បន្ត​បាត់បង់​យន្តហោះ​យោធា​ផលិត​ដោយ​សូវៀតបន្តបន្ទាប់រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top