តៃប៉ិ៖ ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ក្រុមមន្ត្រីចិនបានឡើងជិះ ហើយក្រោយមកបានចាប់យកទូកនេសាទរបស់កោះតៃវ៉ាន់ ដែលប្រតិបត្តិការនៅជិតឆ្នេរសមុទ្រចិន នៅជិតកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ហើយបាននាំយកទូកនោះទៅកំពង់ផែរបស់ប្រទេសចិន ។
ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ហើយបានបង្កើន សម្ពាធលើក្រុងតៃប៉ិ ចាប់តាំងពីប្រធានាធិបតី Lai Ching-te ចូលកាន់តំណែង កាលពីខែឧសភា មេដឹកនាំក្រុងប៉េកាំងបានចោទប្រកាន់ថា ជា “អ្នកបំបែកខ្លួន” ។
ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងថា ទូកនេសាទនេះកំពុងប្រតិបត្តិការនៅជិតកោះ Kinmen ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលនៅជិតទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ នៅគ្រា ដែលទូកនេះត្រូវបានឡើងជិះ និងរឹបអូសដោយទូករដ្ឋបាល ដែនសមុទ្ររបស់ប្រទេសចិនចំនួន២គ្រឿង ។
ឆ្មាំសមុទ្រកោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះតៃវ៉ាន់បានបញ្ជូនកប៉ាល់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនដើម្បីជួយ និងផ្សព្វផ្សាយការព្រមាន ដោយសុំឱ្យចិនដោះលែងទូកនេសាទនោះ ប៉ុន្តែនាវារបស់ចិន បានផ្សាយដំណឹងត្រឡប់មកវិញដោយឲ្យដឹងថា កុំជ្រៀតជ្រែករឿងនេះឲ្យសោះ ។
នាវារបស់កោះតៃវ៉ាន់ បន្ទាប់មកបានដកថយដើម្បីបញ្ចៀសជម្លោះ ហើយទូកនេសាទរបស់កោះតៃវ៉ាន់ ត្រូវបានគេនាំយកទៅកាន់កំពង់ផែ របស់ប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា