ព័ត៌មានអន្តរជាតិ

មនុស្សតិចបំផុត ៣៩នាក់ស្លាប់ ក្នុងអំឡុងពេលតវ៉ាទៅលើការតម្លើងពន្ធ នៅក្នុងប្រទេសកេនយ៉ា

AFP

ណៃរ៉ូប៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងពេលធ្វើការតវ៉ាប្រឆាំង ការតម្លើងពន្ធនាពេលថ្មីៗនេះ នៅទូទាំងប្រទេសកេនយ៉ា ខណៈដែលក្រុមយុវជនបាននាំគ្នា ដើរតាមដងផ្លូវកាលពីថ្ងៃអង្គារ ដើម្បីធ្វើការតវ៉ាសារជាថ្មីឡើងវិញ ។

ប្រធានគណៈកម្មាធិការជាតិកេនយ៉ា ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា (KNCHR) ដែលផ្តល់មូលនិធិដោយរដ្ឋ Roseline Odede បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ថា “ទិន្នន័យពីកំណត់ត្រារបស់យើងបង្ហាញថា មនុស្សចំនួន៣៩នាក់បានស្លាប់ និង៣៦១នាក់បានរងរបួសទាក់ទង នឹងការតវ៉ានៅទូទាំងប្រទេស” កាលពីល្ងាចថ្ងៃចន្ទ ។

គណៈកម្មាធិការ KNCHR បានឲ្យដឹងថា មានករណីបាត់ខ្លួនដោយអចេតនាចំនួន ៣២ករណី និងករណីចាប់ខ្លួនក្រុមបាតុករចំនួន ៦២៧ករណី ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹង ការតម្លើងពន្ធដែលមិនពេញចិត្តពលរដ្ឋជាច្រើន ដែលពេលលឥឡូវនេះ ត្រូវបានដកចេញវិញហើយ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិបានឲ្យដឹងថា ទិន្នន័យដែលគ្របដណ្តប់រយៈពេល គិតចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា បានបង្ហាញថា ទីក្រុងណៃរ៉ូប៊ី នាំមុខចំនួនអ្នកស្លាប់ដោយឈរនៅលេខ១៧ ។

លោក Odede បានថ្កោលទោសកងកម្លាំង ដែលបានធ្វើបាបលើក្រុមបាតុករ បានបន្ទោសអ្នកដែលបានបំផ្លាញ និងដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលសំខាន់ៗ ដូចជាអគារសភា និងបណ្ណាល័យជាតិ ដោយជំរុញឱ្យពួកគេគោរពនីតិរដ្ឋ ។ លោក Odede បានបញ្ជាក់ថា “យើងរក្សាថា កម្លាំងដែលប្រើប្រឆាំងនឹងបាតុករគឺលើសលប់ និងមិនសមាមាត្រនោះទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top