ញ៉ូដេលី៖ ចំនួនអ្នកស្លាប់នៅក្នុងពេល រត់ជាន់គ្នាកាលពីថ្ងៃអង្គារនៅរដ្ឋ Uttar Pradesh ដែលស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា បានកើនឡើងដល់១១៦នាក់ ក្នុងនោះសាកសពជនរងគ្រោះចំនួន៨៨ នាក់កំពុងស្ថិតនៅមជ្ឈមណ្ឌលរបួសក្នុងតំបន់ ហើយចំនួន២៧នាក់នៅមន្ទីរពេទ្យ Etah និងម្នាក់ទៀតនៅមន្ទីរពេទ្យក្នុងក្រុង Hathras ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាល ក្នុងតំបន់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua តាមទូរស័ព្ទថាយ៉ាងដូច្នេះ ។
មន្ត្រីក្នុងតំបន់ម្នាក់ទៀត ស្នងការផ្នែកនៃតំបន់ Aligarh Chaitra V. តាមសេចក្តីរាយការណ៍បានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០៧នាក់ហើយ ។
ចំនួនអ្នកស្លាប់ត្រូវបានគេបារម្ភថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលអ្នករបួសជាច្រើននាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ក្នុងនោះមានខ្លះត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យោងតាមរបាយការណ៍បឋម មនុស្សជិត៥០.០០០នាក់ បានមកជួបជុំគ្នានៅឯការជួបជុំសាសនានៅតំបន់ Sikandra Rao នៃ Hathras ។ របាយការណ៍បានឲ្យដឹងទៀតថា ប៉ុន្តែមានប៉ូលិសត្រឹមតែ៤០ នាក់ប៉ុណ្ណោះដែលត្រូវបានគេបង្ហោះថា នៅនឹងកន្លែងដើម្បីគ្រប់គ្រង ក្រុមមនុស្សដ៏ច្រើននោះបែបនេះ ។
ក្នុងចំណោមអ្នកស្លាប់ភាគច្រើន គឺជាស្ត្រី និងកុមារ ដែលបានស្លាប់ក្រោយពីរអិលដួលលើដីសើម ហើយធ្លាក់ចូលទៅក្នុងប្រឡាយក្បែរផ្លូវ ។ សោកនាដកម្មនេះត្រូវបានគេហៅថា បានកើតឡើងបន្ទាប់ពីពិធីដែលមានរយៈពេលជិត ២ម៉ោងត្រូវបានបញ្ចប់ ហើយមនុស្សបាននាំគ្នាចាប់ផ្តើមចាកចេញវិញ ។
បើតាមសាក្សីម្នាក់បានប្រាប់ដល់បណ្តាញព័ត៌មាន Aaj Tak ថា ឥស្សរជនសាសនាម្នាក់កំពុង ចាកចេញពីកន្លែងប្រារព្ធពិធី ហើយមនុស្សម្នារត់មករកគាត់ ដើម្បីប៉ះជើងរបស់គាត់ និងទទួលពរពីរូបគាត់ ។ ភ្លាមៗនោះ មានភាពច្របូកច្របល់ ហើយមនុស្សចាប់ផ្តើមរអិលដួលលើដីសើម ពេលកំពុងរត់ ហើយចាប់ផ្តើមដួលលើគ្នាទៅវិញទៅមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា