ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយកូរ៉េខាងជើង

Kyodo

សេអ៊ូល៖ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានបន្តសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនជាមួយកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំបន្ទាប់ពីការផ្អាកថ្មីៗនេះនៃកិច្ចព្រមព្រៀងយោធាទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹង។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធកម្លាំងអាវុធបានធ្វើឡើងនៅជួរកាំភ្លើងធំ ដែលស្ថិតនៅចម្ងាយប្រាំគីឡូម៉ែត្រពីខ្សែព្រំដែនយោធា ដោយផ្តោតលើការពង្រឹងសមត្ថភាព ឆ្លើយតបរបស់ខ្លួនក្នុងករណី មានការបង្កហេតុរបស់សត្រូវ។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាក “កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា” បន្ទាប់ពីកូរ៉េខាងជើង បានបន្តបាញ់បង្ហោះបាឡុងជាច្រើន ដែលផ្ទុកដោយកាកសំណល់ ឆ្លងកាត់ព្រំដែននៅចុងខែឧសភា។

កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងឆ្នាំ២០១៨ ដោយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចែងថាប្រទេសទាំងពីរបញ្ឈប់រាល់សកម្មភាពអរិភាពប្រឆាំងនឹងគ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះត្រូវបានផ្អាកមួយផ្នែកដោយទីក្រុងសេអ៊ូលកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។ ជាការឆ្លើយតប កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹងស្ដារឡើងវិញនូវរាល់វិធានការយោធា ដែលត្រូវបានបញ្ឈប់ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ។

យោធាកូរ៉េខាងត្បូងកាលពីថ្ងៃពុធសប្តាហ៍មុនបានបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះនៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនដែនសមុទ្រពិតប្រាកដរបស់ប្រទេសទាំងពីរជាលើកដំបូងក្នុងរយៈពេលប្រហែល ៧ឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top